(ព្រះវិហារ)៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បងប្អូនកងទ័ព និងគ្រួសារកងទ័ព ដោយឥតគិតថ្លៃ ចំនួន២០៤៧នាក់ នៅឃុំស្រអែម និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះបានធ្វើឡើងនៅទីតាំងវរសេនាតូច៣៨១ ស្ថិតក្នុងក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ជាបេសកកម្មលើកទី៤៩ របស់ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី ទាង អេង ភរិយាឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកស្រី សុខា គង ពិសី ភរិយាលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងអាជ្ញាធរស្រុកជាំក្សាន្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
នៅក្នុងឱកាសនោះលោកស្រី ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ពទាំងអស់ ដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺ។
លោកស្រី ហ៊ុន ម៉ាណា បានបន្តថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកស្រីបានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រះវិហារ ជាពិសេសអាជ្ញាធរស្រុកជាំក្សាន្តដែលបានសម្របសម្រួលឱ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។
សូមបញ្ជាក់ថា មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈឱ្យប្រជាពលរដ្ឋទទួលទានផងដែរ។
នៅក្នុងឱកាស នៃការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនាពេលនេះ ប្រជាពលរដ្ឋដែលមកទទួលបានការពិនិត្យព្យាបាលមានចំនួនសរុប២០៤៧នាក់ រួមមាន៖ការវះកាត់តូច ចំនួន៧២នាក់, ពិនិត្យព្យាបាលរោគស្ត្រីចំនួន១២៥នាក់, ពិនិត្យជំងឺទូទៅចំនួន១២៩០នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន១៨០នាក់ និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន២៣០នាក់, លាបផ្លរ៉ាការពារធ្មេញ ១៥០នាក់ ចែកវ៉ែនតាចំនួន៦៥០នាក់ផងដែរ។
ជាមួយគ្នានោះ ក៏មានការចែកកាតាប និងសម្ភារសិក្សា ដល់សិស្សានុសិស្សចំនួន ៦០០នាក់,ចែករទេះរុញជនពិការចំនួន ២០គ្រឿង, និងចែកកញ្ចប់អំណោយសម្ដេចតេជោ ជូនប្រជាពលរដ្ឋ ចំនួន៥០០កញ្ចប់ផងដែរ៕