(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋាន កណ្តាលនគបាលព្រំដែន នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញផ្ទៃក្នុង «ស្តីពីនីតិវិធីព្រហ្មទណ្ឌ និងការប្រើប្រាស់ឧបករណ៍កំណត់ទីតាំងផែនទី (GPS)» រយៈពេល១ខែ ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលជាតិ ដែលមកពីតាមបណ្តាការិយាល័យ អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ វរសេនាតូចនគរបាលការពារព្រំដែនទឹក និងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សរុបចំនួន១០០រូប។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ តំណាងនាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាងនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន តំណាងនាយកដ្ឋាននគរបាលការពារព្រំដែនគោក តំណាងប្រធានអង្គភាពអន្តរាគមន៍ ព្រមទាំងលោក-លោកស្រីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នាយការិយាល័យ ប្រធានអង្កភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ មេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនទឹកទាំងអស់ លោកគ្រូឧទ្ទេស និងសិក្ខាកាម។

ដោយទទួលបានគោលការណ៍អនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ, នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានរៀបចំបើកវគ្គបំប៉នជំនាញផ្ទៃក្នុងឡើងនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ សមត្ថភាពធនធានមនុស្ស ការពង្រឹងសមត្ថភាព ចំណេះដឹងវិជ្ជាជីវៈក្នុងការអនុវត្តនីតិវិធីពេលចេញប្រតិបត្តិការ និងរបៀបនៃការប្រើប្រាស់ឧបករណ៍កំណត់ទីតាំងផែនទី (GPS) ឲ្យស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនេះ លោកឧត្ដមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសម្តែងនូវការអបអសាទរ និងថ្លែងអំណរគុណដល់លោកគ្រូ ភ្ញៀវកិត្តិយស និងសិក្ខាកាមទាំងអស់ដែលមានវត្តមានក្នុងពិធីនេះ។ លោកបានធ្វើការណែនាំ និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ១៖ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងក្រេបយកនូវចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីបង្កើននូវចំណេះដឹង និងសមត្ថភាពជំនាញ, ២៖ ត្រូវមានអាកប្បកិរិយាល្អ ក្រមសីលធម៌ល្អ និងគោរពវិន័យកងកម្លាំងនគរបាលជាតិ និង៣៖ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងវគ្គសិក្សាទាំងមូល ដើម្បីទទួលបានភាពសុខដុមរមនា៕