(ក្រចេះ)៖ ក្រឡានថ្មគ្រែ និងក្រូចថ្លុង គឺមានភាពល្បាញល្បីមានរស់ជាតិឆ្ងាញ់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យស្គាល់ពីអត្តសញ្ញាណខេត្តក្រចេះ មិនតែប៉ុណ្ណោះក៏បានចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យមានជីវភាពធូរធា សមរម្យដោយសារមុខរបរ កាផលិតក្រឡាន ណែម និងការដាំក្រូចថ្លុងនោះផងដែរ។

នៅពេលដែលភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលមកលេងកម្សាន្តនៅទីរួមខេត្តក្រចេះ ក្រឡេកទៅតាមទីតាំងភោជនីយដ្ឋាន សណ្ឋាគារ និងតំបន់អេកូទេសចរណ៍នីមួយៗនៅក្នុងខេត្តក្រចេះ គឺមានការដាក់តាំង លក់ក្រឡានថ្មគ្រែ ណែមស្លឹកចេក និងក្រូចថ្លុងជាដើម ដែលក្រូចថ្លុង គឺជាភាពល្បីល្បាយរបស់សហគមន៍អេកូទេសចរណ៍កោះទ្រង់ រីឯក្រឡានថ្មគ្រែ និងណែមស្លឹកចេកគឺជាស្នាដៃប្រជាសហគមន៍ថ្មគ្រែរ។

ជាមួយនឹងភាពល្បីល្បាយនេះ លោក នេត្រ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិ ០៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ រួមជាមួយលោកលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន, លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំមន្ត្រីរាជការជានារីនៃក្រសួងព័ត៌មានជាង ២០០នាក់ មកភ្លក់រសជាតិក្រឡានថ្មគ្រែរ និងផ្លែក្រូចថ្លុងទុំដោយផ្ទាល់ ព្រមទាំងដើម្បីស្វែងយល់ពីការការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅកោះទ្រង់ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ម្សិលមិញ។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា ក៏បានថ្លែងកោតសរសើរសហគមន៍ទេសចរណ៍កោះទ្រង់ ដែលបានរៀបចំបដិសណ្ឋារកិច្ច របៀបរបបសម្រាប់ដំណើរអ្នកទេសចរនៅលើកោះបានល្អ និងសូមអំពាវនាវដល់បងប្អូននៅក្នុងខេត្តក្រចេះ ឬមកពីខេត្តផ្សេងៗទៀត អញ្ជើញមកទស្សនាកម្សាន្តនៅកោះទ្រង់។ នៅលើកោះទ្រង់ មានមធ្យោបាយផ្សេងៗ ដូចជាជិះកង់ ជិះរទេះគោ ជិះរទេះសេះ ដើម្បីទស្សនាជីវភាព និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋរស់នៅលើកោះ។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា សម្រាប់ដំណាំដែលមានការចាប់អារម្មណ៍ខ្ពស់ គឺក្រូចថ្លុង ដែលជាប់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ដែលមានឱជារសឆ្ងាញ់ពិសា, ផ្លែចេក និងដំណាំរួមផ្សំផ្សេងទៀតជាដើម។ ចំណែកប្រជាជនអ្នកកោះទ្រង់ក៏រួសរាយរាក់ទាក់។ សម្រាប់ការអញ្ជើញមកទស្សនានៅលើកោះទ្រង់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរ គឺដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍នៅក្នុងស្រុក ខណៈនៅលើកោះទ្រង់មានទេសភាពស្អាត ការដាំដំណាំ វត្តអារាម ព្រមទាំងមានដើមរកាដែលមានអាយុជាង ១,០០០ឆ្នាំ កំពុងឈរបង្អួតខ្លួនរង់ចាំអ្នកទស្សនាមកពីគ្រប់ទិសទីនៅលើកោះទ្រង់នេះផងដែរ។ បន្ថែមពីលើភាពសម្បូរបែបនេះកោះទ្រង់ក៏មានមានវាលខ្សាច់ស្រស់ស្អាត ដែលជាទីគយគន់របស់ទេសចរណ៍ទាំងឡាយជាដើម។

បើតាមលោក រ៉ា ណូ ប្រធានសហគមន៍ក្រឡានថ្មគ្រែ បានឱ្យដឹងថា ការលក់ដូក្រឡានថ្មរគ្រែនៅក្នុង១ថ្ងៃ ចន្លោះ១.៥តោន ទៅ២តោន សម្រាប់ថ្ងៃធម្មតា។ ដោយឡែកសម្រាប់ថ្ងៃបុណ្យទានផ្សេងៗ គឺកំណើននៃការលក់ក្រឡានចន្លោះពី២តោន ទៅ៣តោន ហើយនៅសហគមន៍មួយនេះក្រៅពីការផលិតក្រឡានគឺមានណែម ដែលមានរសជាតិឆ្ងាញ់ល្បីល្បាញផងដែរ។

លោកបានបន្តថា ការផលិតណែម និងក្រឡានថ្មគ្រែនេះ គឺជាស្នាដៃផ្ទាល់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ថ្មគ្រែ ដែលផលិតដោយផ្ទាល់ដៃ បែបលក្ខណៈធម្មជាតិ ក្នុងនោះមានណែមស្លឹកចេក ណែមស្បែកជ្រូក និងប្រភេទណែមត្រី ហើយណែមគឺផលិតពីត្រីធម្មជាតិ ហើយការផលិតក្រឡាន ឬណែមនោះប្រសិនបើបងប្អូនអ្នកទទួលទានចង់បានរសជាតិប្លែក គឺអាចធ្វើការកម្មង់មុនមួយថ្ងៃ ដោយសារបងប្អូនខ្លះ គាត់ចង់បានប្រភេទក្រឡានដែលមានសណ្ដែកច្រើនឬខ្នុរច្រើន និងដូងច្រើនជាដើម។

ប្រធានសហគមន៍ក្រឡានថ្មគ្រែរូបនេះ បានគូសបញ្ជាក់ថា អ្វីដែលធ្វើឱ្យដំណើរការលក់ក្រឡាន​ ណែម និងផលិតផលរបស់ប្រជាពលរដ្ឋសហគមន៍កាន់តែដាច់បន្ថែមទៀតនោះ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងអាជ្ញាធរ ដោយបានស្ថាបនាផ្លូវស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើរនោះ គឺបានចូលរួមចំណែកយ៉ាងខ្លាំងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនទំនិញ ការធ្វើដំណើរ ជាពិសេសវាបានសម្រួលដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងខេត្តក្រចេះ ធ្វើដំណើរមកទិញក្រឡាន ណែម ព្រមទាំងផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋជាដើម។

ដោយឡែកបងប្អូនអាជីវករ ដែលជាអ្នកទទួលលក់ នៅក្នុងក្រុងក្រចេះ ក៏បានលើកឡើងដែរថា ក្រឡានថ្មគ្រែ គឺមានប្រភេទតម្លៃផ្សេងគ្នា ក្រឡានធម្មតាមួយគីឡូតម្លៃ ៧,០០០រៀល ក្រឡានរស់ជាតិខ្នុរ និងក្រឡានខ្ទិះដូងមួយគីឡូតម្លៃ ១២,០០០រៀល ហើយណែមស្លឹកចេកមួយចង្កោមតម្លៃ ៥០០០រៀល រីឯក្រូចថ្លុង១ផ្លែ ចន្លោះពី ៧០០០ទៅ ១០,០០០រៀល តាមរដូវកាលប្រាំង និងវស្សា។ ការផលិតណែម និងក្រឡានថ្មគ្រែ គឺបានរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយនេះ ឱ្យមានជីវភាពសមរម្យ ដោយនៅក្នុងមួយថ្ងៃៗពួកគាត់អាចផលិតក្រឡានជាច្រើនគីឡូ ក្នុងមួយគ្រួសារ សម្រាប់យកទៅបោះដុំនៅតាមទីផ្សារក្នុងទីរួមខេត្តក្រចេះផង និងលក់រាយនៅតាមផ្ទះរបស់ខ្លួននៅក្នុងសហគមន៍នោះផង។

ហើយអ្វីដែលលក្ខណៈពិសេសទីតាំងសហគមន៍ក្រឡានថ្មគ្រែ គឺជាផ្លូវឆ្លងកាត់ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរពីទីរួមខេត្តក្រចេះឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍សត្វផ្សារ តំបន់ទេសចរណ៍ ទឹកជួរកាំពីរ ឬវត្តព្រះវិហារធំសសរ១០០ ហើយនៅពេលដែលភ្ញៀវទេសចរជិះឆ្លងកាត់តែងតែឃើញពួកគាត់ឈៀងចូលទិញក្រឡាន និងរបស់អាជីវករនៅក្នុងសហគមន៍ខាងលើ សម្រាប់កាទទួលទាន ឬក៏ទីញផ្ញើបងប្អូន មិត្តភក្តិជាដើម។

ដោយឡែកសម្រាប់លោកពូ សំ បួយ ចៅសង្កាត់កោះទ្រង់ ខេត្តក្រចេះ បានឱ្យដឹងថា បច្ចុប្បន្ននេះ មាន​ប្រជាពលរដ្ឋ​ដាំ​ក្រូច​ថ្លុង ៩០ភាគរយ លើផ្ទៃដី៣១.៥ហិកតា ក្រូចថ្លុង​សរុប​មាន ១១,២២៧ដើម ដោយ​មួយ​ដើម​អាចមាន​ផ្លែ​យ៉ាងតិច១០០ផ្លែ​ក្នុង​មួយឆ្នាំ។ ចំពោះការដាំដុះគឺមានលក្ខណៈធម្មជាតិ ១០០ភាគរយ ដោយសារ កោះទ្រង់គឺជាប្រភេទដីល្បាយខ្សាច់មានជីជាតិ និងមានភាពអំណោយ ផលដល់ដំណាំក្រូចថ្លុង ធ្វើឱ្យផ្លែរបស់វាមានរសជាតិផ្អែមឆ្ងាញ់ ខុសពីក្រូចថ្លុងចេញពីតំបន់ភូមិសាស្រ្តផ្សេងៗទៀត។

លោកចៅសង្កាត់កោះទ្រង់ បានបន្ថែមថា ក្រូចថ្លុងកោះទ្រង់ជាដំណាំផ្លែឈើមួយប្រភេទដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តក្រចេះ ក្រូចថ្លុងកោះទ្រង់មានរសជាតិផ្អែម និងកំពឹសទន់ មានឱជារសឆ្ងាញ់ពិសា។ ប៉ុន្តែ នៅឆ្នាំ២០២៥នេះ ក្រូចថ្លុងកោះទ្រង់ជួបបញ្ហាមួយចំនួន ដែលធ្វើឱ្យការទទួលផលមិនសូវបានល្អ ដោយសារបញ្ហាខ្វះទឹក។

លោកពូ បួយ បានបន្តថា ក្រូចថ្លុងកោះទ្រង់ អាចលក់ចេញនៅក្នុង ១គីឡូ តម្លៃ៧,០០០ ទៅ៨០០០រៀល តម្លៃបេះចេញពីដើម។ សម្រាប់នៅរដូវខែវិច្ឆិកា ខែធ្នូ ក្រូចថ្លូង ត្រូវបានឈ្មួញដឹកចេញពីកោះ ក្នុង១ថ្ងៃ ចាប់ពី៥០បេ មានចំនួនផ្លែក្រូចប្រមាណ ២៥០គ្រាប់ជាដើម។

គួរឱ្យដឹងថា ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចុះបញ្ជីសម្គាលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ក្រូចថ្លុងកោះទ្រង់» ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨៕