(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជទានព្រះរាជសារថ្លែងអំណរគុណ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានថ្វាយលិខិតថ្វាយព្រះពរ និងផ្កាដ៏ល្អស្រស់ ក្នុងឱកាសអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥។

ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រីមានខ្លឹមសារដូច្នេះថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាទីបំផុត ចំពោះលិខិតថ្វាយព្រះពរ និងផ្កាដ៏ល្អស្រស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងឱកាសអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥។

ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមសរសើរដ៏កក់ក្ដៅជាទីបំផុតដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដើរតាមគន្លងព្រះវីរៈគំរូមនុស្សធម៌នៃព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការបំរើប្រជាជាតិ និងប្រជារាស្តកម្ពុជា។

ខ្ញុំ សូមកោតសរសើរដ៏កក់ក្ដៅជាទីបំផុត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អ្នកដឹកនាំដ៏ឆ្នើម និងជាគំរូដ៏ល្អដែលបានលះបង់កម្លាំងកាយ ចិត្តក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងបានខិតខំលើកកម្ពស់សីលធម៌ តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យមានកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ។

ខ្ញុំ សូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំ ព្រមទាំងសហការី យុវជន អ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ»៕