(ញូដេលី)៖ កងកម្លាំងប៉ូលិសនៃប្រទេសឥណ្ឌា បានចាប់មន្ត្រីទូតមួយរូបតំណាងប្រទេសប៉ាគីស្ថានយកទៅ ឃុំខ្លួនជាបណ្តោះដោយសង្ស័យថាបានធ្វើចារកម្មសម្ងាត់ និងផ្តល់ព័ត៌មានរសើបជាច្រើនពាក់ព័ន្ធនឹង ប្រតិបត្តិការការពារសន្តិសុខរបស់យោធាឥណ្ឌានៅតាមព្រំដែន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
ការឃុំខ្លួនមន្ត្រីទូតប៉ាគីស្ថានខាងលើ ធ្វើឡើងចំពេលដែលប្រទេសនុយក្លេអ៊ែទំាងពីរ កំពុងមានភាពតានតឹង នឹងគ្នាដោយសារជម្លោះនៅក្នុងតំបន់កាស្មៀ។ ដោយឡែកបើតាមប៉ូលិសទីក្រុងញូដេលី បុរសម្នាក់ត្រូវ បានចាប់ខ្លួនកាលពីថ្ងៃពុធ នៅខាងក្រៅសួនសត្វទីក្រុងញូដេលី ជាទីដែលរូបគេបានជួបជាមួយជនជាតិឥណ្ឌា ពីរនាក់ដែលគេជឿជាក់ថា ត្រូវបានគេជ្រើសរើសដើម្បីស៊ើបការសម្ងាត់ សម្រាប់គាត់។ អាជ្ញាធរប៉ូលិសបានឱ្យ ដឹងដែរថាខ្លួនបានរកឃើញឯកសារសង្ស័យមួយចំនួន រួមទាំងផែនទីសន្តិសុខ និងបញ្ជីឈ្មោះមន្ត្រីជាច្រើននាក់ ធ្វើការនៅឯតំបន់ព្រំដែនឥណ្ឌា ជាប់ជាមួយប៉ាគីស្ថានថែមទៀតផង។
គួរបញ្ជាក់ថាភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន បានកើតឡើងបន្ទាប់ពីទាហានឥណ្ឌា១៩នាក់ ត្រូវបាន សម្លាប់ដោយជនសកម្មប្រយុទ្ធ ដែលទីក្រុងញូដេលីចោទថាមកពីប៉ាគីស្ថាន កាលពីខែកញ្ញាកន្លងទៅ។ ការបាញ់បោះគ្នា ក៏បានកើតមានឡើងជារឿយៗផងដែរនៅតាមព្រំដែនរវាងប្រទេសអតីតបងប្អូននឹងគ្នា ទាំងពីរនេះ ដែលបានបណ្តាលឲ្យទាហានទាំងសងខាងស្លាប់ និងរបួសជាច្រើននាក់ផងដែរ៕