(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Xu Xiaoxia អគ្គនាយិកាវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។

ការទទួលជួបនេះ ក្នុងកិច្ចពិភាក្សាស្តីពី ការផ្លាស់ប្តូរទស្សនស៊ីជម្រៅលើការផ្សព្វផ្សាយពីសភាពការណ៍នយោបាយ សង្គម សន្តិសុខដែលមានសុខសន្តិភាពពេញបរិបូណ៍ និងល្អប្រសើរ ក្នុងឱកាសវិនិយោគដ៏ល្អប្រពៃ និងគោលដៅទេសចរណ៍ដ៏សំបូរបែបនៅកម្ពុជាឲ្យបានទូលំទូលាយ ជូនដល់ប្រជាជន និងធុរជនចិន ដើម្បីទាក់ទាញឲ្យមានការធ្វើដំណើរកម្សាន្ត និងមកបណ្តាក់ទុនក្នុងវិស័យទេសចរណ៍ឲ្យកាន់តែច្រើនឡើងក្នុងឆ្នាំថ្មីនេះ។

សូមជម្រាបថា ឆ្នាំ២០២៥គឺជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដែលនឹងជួយជំរុញចំនួនភ្ញៀវទេសចរចិនមកកម្ពុជា មានការកើនឡើង ស្របតាមការបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននិងកំពុងប្រឹងប្រែងបន្ថែម ដើម្បីជំរុញឲ្យប្រទេសកម្ពុជា មានបដិសណ្ឋារកិច្ចល្អ និងហេដ្ឋារចនាសម្ព័ន្ធសមស្របសម្រាប់ភ្ញៀវទេសចរចិន ជាពិសេសតាមរយៈការបង្កើនជើងហោះហើរត្រង់ពីប្រទេសចិន និងនៅតាមខេត្តដែលមានសក្តានុពលពីប្រទេសចិន៕