Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប.ស.ស មានអត្ថប្រយោជន៍ច្រើនដល់កម្មករ ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺ ប.ស.ស ជាអ្នករ៉ាប់រង (Video inside)

10-03-2025 11:26

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា បណ្ណបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) មានអត្ថប្រយោជន៍ច្រើនដល់បងប្អូនកម្មករ ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺប.ស.ស ជាអ្នករ៉ាប់រងទាំងអស់។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្រោយមានការផ្ដល់ប្រព័ន្ធគាំពារសង្គម ប្រជាពលរដ្ឋក្ដី​កម្មករក្ដី​បានទទួលអត្ថប្រយោជន៍ជាច្រើន ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់ ជាពិសេសកាត់បន្ថយការចំណាយច្រើន ទៅលើការចំណាយតូចៗដូចជា ការពិគ្រោះជម្ងឺផ្សេងៗ ការពិនិត្យ ការផ្ដល់ថ្នាំសម្រាប់ព្យាបាលជាដើម។

បើតាមប្រសាសន៍របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី, ក្រៅពី ប.ស.ស ក្រុមហ៊ុនឯកជនក៏បានរួមចំណែកក្នុងការសម្រាលការងារ និងថ្លៃចំណាយទៅដល់កម្មករនិយោជិក តាមរយៈការផ្ដល់ទារកដ្ឋាននៅក្នុងរោងចក្រ ដែលអាចជួយឲ្យម្ដាយនិងកុមារមានភាពជិតស្និទ្ធ និងមិនត្រូវចំណាយថវិកាទៅលើការជួលអ្នកថែទាំខាងក្រៅ។ ជាមួយគ្នានេះ សម្ដេចបានបន្តថា ដោយមានការ៉ាប់រងពី ប.ស.ស ប្រជាពលរដ្ឋអាចកាត់បន្ថយការចំណាយ និងសន្សំប្រាក់ តាមរយៈការផ្ដល់ប្រព័ន្ធគាំពារសង្គមដោយមិនគិតថ្លៃពី ប.ស.ស ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលដៅរបស់រាជរដ្ឋាភិបាលនឹងបង្កើនទារកដ្ឋានបន្ថែមទៀត នៅតាមរោងចក្រសហគ្រាសឲ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីជួយសម្រួលបន្ទុកដល់កម្មកររោងចក្រ ជាពិសេសកម្មការិនីដែលមានបន្ទុកត្រូវធ្វើការផង និងមើលថែទាំកូនផង។

សូមជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ និង សមាជិក ប.ស.ស. មានចំនួនសរុបប្រមាណ ១,១លាននាក់ កំពុងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលគោលការណ៍នេះបង្ហាញថា វិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា មានការកើនឡើងមួយកម្រិតទៀត៕