(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងសុខាភិបាល និងយន្តការពាក់ព័ន្ធទាំងឡាយនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព តាមតួនាទី និងភារកិច្ចរបស់ស្ថាប័ន។
ការណែនាំបែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤៤ «សមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត» ដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងទិសដៅរួមគឺ ការបន្តជំរុញវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅ នៃការគ្របដណ្តប់សុខភាពសកលនៅកម្ពុជា ឆ្នាំ២០៣៥ របស់ក្រសួងសុខាភិបាល កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គភាពសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈវិជ្ជាជីវៈ សុខាភិបាល ផ្នែកឯកជន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធជាច្រើនរូប។
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា តាមរយៈការបន្តជំរុញអនុវត្តនូវឧត្តមានុវត្តន៍ និងផែនការសកម្មភាពឆ្នាំ ២០២៥ និងឆ្នាំ បន្ត ក្នុងវិស័យសុខាភិបាល ដូចបានដាក់ចេញតាមស្មារតីនៃសន្និបាតសុខាភិបាលលើកទី ៤៤ នេះ នឹងរឹតតែជំរុញភាពជឿនលឿននៃវឌ្ឍនភាពវិស័យសុខាភិបាល និងវឌ្ឍនភាពនៃការអនុវត្ត កម្មវិធីគោលនយោបាយអាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេច គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ទាក់ទងនឹងសុខភាព ក៏ដូចជាផ្សារភ្ជាប់ ជាមួយវឌ្ឍនភាពក្នុងវិស័យពាក់ព័ន្ធផ្សេងទៀតផងដែរ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងន័យនេះ ក្រសួងសុខាភិបាល រដ្ឋបាល រាជធានី ខេត្ត ក្រសួង ស្ថាប័ន និងយន្តការពាក់ព័ន្ធទាំងឡាយនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព តាមតួនាទី និងភារកិច្ចរបស់ស្ថាប័ន នូវកិច្ចការអាទិភាពមួយចំនួន ដូចតទៅ៖
ទី១៖ បន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌលសុខភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវា អប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាលដែលមានគុណភាព និងសុវត្ថិភាព ដើម្បីប្រជាជនមូលដ្ឋានទទួលបាននូវសេវាថែទាំសុខភាព ស្របតាមលក្ខខ័ណ្ឌ បច្ចេកទេស ស្ថានភាពភូមិសាស្ត្រនិងហិរញ្ញវត្ថុ និយាមវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រមទាំងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនមូលដ្ឋាន និងជំរុញការ ចូលរួមរបស់សហគមន៍ ក្នុងការថែរក្សាសុខភាព ដែលជាទ្រព្យធនដ៏សំខាន់សម្រាប់ ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍមូលដ្ឋាន។
ទី២៖ បន្តពង្រឹងសមត្ថភាពបច្ចេកទេសនៃមន្ទីរពេទ្យបង្អែកស្រុក ឱ្យក្លាយជាបង្អែកដ៏រឹងមាំ របស់មណ្ឌលសុខភាព ដូចនេះមន្ទីរពេទ្យស្រុកត្រូវមានសមត្ថភាពបច្ចេកទេស សមស្របតាមនិយាមស្តង់ដា ដើម្បីគ្រប់គ្រងករណីអ្នកជំងឺ ឬជនរងគ្រោះដែលបាន បញ្ជូនមកពីមណ្ឌលសុខភាព ជាពិសេសករណីសង្គ្រោះបន្ទាន់។
ទី៣៖ បង្កើនការយល់ដឹងរបស់ប្រជាជន យុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺមិនឆ្លង និងការប្រតិបត្តិការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាព ព្រមទាំងយកចិត្តទុកដាក់ ទទួលខុសត្រូវលើសុខភាពផ្ទាល់ខ្លួន តាមរយៈការអប់រំ សុខភាពក្នុងមូលដ្ឋានសុខាភិបាល ការចុះផ្តល់សេវាសុខភាពតាមសហគមន៍ និង តាមយន្តការផ្សព្វផ្សាយឬប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលជឿទុកចិត្តបាន ដូចដែលក្រសួងសុខាភិបាលបានប្រើប្រាស់ការហៅទូរស័ព្ទ Call tune ដើម្បី បញ្ជូនសារអប់រំសុខភាពដល់ ប្រជាជន និងសាធារណជន។
ទី៤៖ បញ្ញាបសារអប់រំសុខភាពប្រកបដោយនវានុវត្តន៍ ឱ្យច្រើននៅក្នុងកម្មវិធីសិក្សា ចំណេះទូទៅ ដើម្បីបណ្តុះអក្ខរកម្មសុខភាពដល់កុមារ និងយុវជនក្នុងវ័យសិក្សា ឱ្យ ប្រតិបត្តិឥរិយាបថល្អចំពោះសុខភាព ហើយអាចក្លាយជាទម្លាប់ល្អ ពេញមួយជីវិត រស់នៅ តាមរយៈការលើកកម្ពស់កិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួង អប់រំ យុវជន និងកីឡា ជាពិសេសរវាងមណ្ឌលសុខភាព និងសាលារៀន។
ទី៥៖ បង្កើនការគ្របដណ្តប់ និងការប្រើប្រាស់សេវា និងព័ត៌មានសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពជូនដល់ប្រជាជន តាមរយៈការផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាព ស្របតាមពិធីសារជាតិ ឬស្តង់ដាប្រតិបត្តិគ្លីនិក។ ការផ្តល់សេវាថែទាំសុខភាពមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ជាធុរកិច្ចស្នូលនៃប្រព័ន្ធសុខាភិបាល ដើម្បីសង្គ្រោះអាយុជីវិត និងបង្កើនលទ្ធផលសុខភាពអ្នកជំងឺឱ្យកាន់តែប្រសើរឡើង៕