(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា គ្រប់សាសនាទាំងអស់ក្នុងប្រទេសកម្ពុជា គឺបានចាប់កំណើតក្នុងពេលតែមួយ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ជាមួយគ្នា ដែលបានគុណដ៏ធំធេងរបស់សម្ដេចទាំងបី រំដោះផុតពីរបបទមិឡឥតសាសនា ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
ការថ្លែងបែបនេះ ធ្វើឡើងនារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងឱកាសលោកអភិបាលខេត្ត ជួបសំណេះសំណាល ជាមួយគណៈអ៊ីម៉ាំខេត្ត ក្រុង ស្រុក និងទួន ទូទាំងខេត្ត ប្រមាណ១២០នាក់ នៅបរិវេណព្រះវិហារឥស្លាម ស្ថិតក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក រ៉ុន សុភារិន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា ខេត្តពោធិ៍សាត់មានព្រះវិហារឥស្លាមចំនួន ៤៣កន្លែង ក្នុងនោះស៊ូរ៉ាវឥស្លាម ៣០កន្លែង និងសាលារៀនឥស្លាម ១៩កន្លែង។ លោកបានបន្ថែមថា គណៈអ៊ីម៉ាំខេត្ត ក្រុង ស្រុក ម៉ាស្ជិត សាសនិកឥស្លាម ប្រតិបត្តិបានល្អហ្មត់ចត់ត្រឹមត្រូវ តាមគម្ពីរកូរអានជាគោល បន្ថែមពីនោះទៀត សាសនិកឥស្លាម មានតួនាទីភារកិច្ចស្រលាញ់រាប់អានគ្នា ផ្នែកសាសនាបានល្អប្រសើរ ប៉ុន្តែក្នុងនោះការអនុវត្តសារាចរណែនាំលិខិតបទដ្ឋានគតិយុត្តផ្សេងៗនៅមានកម្រិតនៅឡើយ។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា នេះជាលើកទី៣ ហើយដែលបានជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរឥស្លាម ក្នុងយន្តការដឹកនាំខេត្ត បានជាង២ឆ្នាំរបស់លោក។ លោក បានឲ្យដឹងថា «នៅក្នុងសង្គមជាតិយើង នាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថិរភាពពេញលេញ គឺដោយមានគោលនយោបាយដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យវិស័យសាសនានានា រួមទាំងវិស័យសាសនាខ្មែរឥស្លាមផង មានការរីកចម្រើនឥតឈប់ឈរ»។
លោកបានបញ្ជាក់ថា សាសនាទាំងអស់ កើតមានប្រកបទៅដោយសុខដុមរមនីកម្ម មិនមានការខ្វែងគំនិត ការរំលោភសិទ្ធិសេរីភាពសាសនាណាមួយឡើយ គឺស្ថិតនៅក្រោមដំបូលតែមួយគត់របស់រាជរដ្ឋាភិបាល និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្រប់សាសនាទាំងអស់ នៅក្នុងប្រទេសកម្ពុជា បានចាប់កំណើតឡើងវិញម្តងទៀត ក្នុងពេលតែមួយ គឺថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយសារគុណបំណាច់ដ៏ធំធេងរបស់សម្តេចទាំងបី រំដោះផុតពីរបបទមិឡឥតសាសនា ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
លោកអភិបាលខេត្ត បានបន្ថែមថា លោកនឹងរួមសុខទុក្ខជាមួយបងប្អូនខ្មែរឥស្លាម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយទូរស័ព្ទទាំងពីរប្រព័ន្ធរបស់លោក នឹងបើករង់ចាំប្រជាពលរដ្ឋ Callចូល ២៤ម៉ោង/ ២៤ម៉ោង ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឬក្នុងករណីដែលមានភាពអយុត្តិធម៌ណាមួយកើតមានឡើង ឲ្យសាកសមជាក្រុមគ្រួសារតែមួយ។ ជាមួយគ្នានោះ លោកបានអំពាវនាវ ទៅដល់បងប្អូនខ្មែរឥស្លាមទាំងអស់ ចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុច គោររពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមប្រមាណ១២០នាក់ ក្នុងម្នាក់ៗ ទទួលបានសារុងម្នាក់១ ផងដែរ៕