(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់មានកូន គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ គឺជានយោបាយដ៏ល្អជួយដល់ស្រ្តីរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មការិនី នៅទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
ក្នុងពេលសំណេះសំណាលជាមួយបុរសម្នាក់ សម្តេចធិបតី ក៏បានលើកទឹកចិត្តឲ្យយកកូនឲ្យបានច្រើន ស្របពេលរាជរដ្ឋាភិបាល មានគោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់មានកូន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «អីចឹងយើងដឹងហើយថា រាជរដ្ឋាភិបាលគិតគូរកម្រិតណា។ យើងមានប្រាក់ឧបត្ថម្ភតាំងពីមានទម្ងន់ យើងមានប្រាក់ឧបត្ថម្ភ... ដឹងតែពេទ្យគេជួយសម្រួល ព្រោះមាន ប.ស.ស ហើយរដ្ឋចេញថ្លៃឲ្យទៀត»។
សូមបញ្ជាក់ថា ក្រោយពេលដែលស្ត្រីមានផ្ទៃពោះ បានបំពេញតាមលក្ខខណ្ឌកំណត់ហើយនោះ ប.ស.ស. នឹងចាប់ផ្ដើមទទួលបានប្រាក់ឧបត្ថម្ភជា ៣ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ពេលសម្រាលកូន រហូតដល់កូនមានអាយុក្រោម២ឆ្នាំ៖
*ដំណាក់កាលទី១ ជាដំណាក់កាលដែលស្ត្រីទៅពិនិត្យផ្ទៃពោះចំនួន ៤ដង ដោយការពិនិត្យផ្ទៃពោះក្នុងមួយដងៗនឹងទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល។
*ដំណាក់កាលទី២ នៅពេលសម្រាល ដែលនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលសម្រាប់កូនមួយ បើក្នុងករណីកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ហើយបើកូនភ្លោះបី នឹងទទួលបានរហូតដល់ ១លាន៦សែនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភផ្ទាល់របស់សម្ដេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀលបន្ថែមទៀត។
*ចំណែកដំណាក់កាលទី៣ ជាដំណាក់ក្រោយសម្រាល រហូតកូនមានអាយុក្រោម២ឆ្នាំនឹងទទួលបានការឧបត្ថម្ភបន្ថែមចំនួន ១០លើក ដោយក្នុងមួយលើកៗទទួលបានថវិកាចំនួន ៨ម៉ឺនរៀល ក្នុងនោះមានការពិនិត្យសុខភាពសម្រាប់ម្តាយចំនួន៣លើក និងការចាក់វ៉ាក់សាំងសម្រាប់កូន ចំនួន៧លើក។ លើសពីនេះ ស្រ្តីមានផ្ទៃពោះទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស នឹងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១២០ភាគរយ នៃប្រាក់ឈ្នួល ដោយ៥០ភាគរយទទួលបានពីម្ចាស់រោងចក្រ និង៧០ភាគរយ បានពី ប.ស.ស ព្រមទាំងអត្ថប្រយោជន៍ផេ្សងៗជាច្រើនទៀត។
គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនេះ គឺជាការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
គិតត្រឹមដំណាច់ឆ្នាំ២០២៤ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ និង សមាជិក ប.ស.ស. មានចំនួនសរុបប្រមាណ ១,១លាននាក់ កំពុងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ។ នេះបើតាមលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម៕