(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានស្ងើចសរសើរអំពីសមិទ្ធផលសម្រេចបានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងការផ្សះផ្សាជាតិ ក្រោយជម្លោះ និងការរួមចំណែកដល់ការថែរក្សាសន្ដិភាពយូរអង្វែង។
ការសរសើរបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសលោកអញ្ជើញដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីស្វែងយល់អំពីដំណើរការអនុវត្តមុខងារសេសសល់ និងសមិទ្ធផលសម្រេចបានរបស់ អ.វ.ត.ក. ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងការផ្សះផ្សាជាតិ ក្រោយជម្លោះ និងការរួមចំណែកដល់ការថែរក្សាសន្ដិភាពយូរអង្វែង។
លោកបណ្ឌិត កៅ គឹមហួន បានស្ងើចសរសើរចំពោះសមិទ្ធផលរបស់អ.វ.ត.ក. ដែលកំពុងសម្រេចបាន។ លោកបានលើកឡើងថា ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែលដ៏សំខាន់ និងមានគុណតម្លៃខ្ពស់ក្នុងការថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ និងយុត្តិធម៌ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។
លោកបណ្ឌិត កៅ គឹម ហួន បានថ្លែងថា «វាពិតជាមានកិត្ដិយសណាស់សម្រាប់ខ្ញុំមកកាន់មជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃនេះ។ អ.វ.ត.ក. ឈរជាសក្ខីភាពនៃយុត្តិធម៌ គណនេយ្យភាព និងការស្វែងរកការពិត និងការផ្សះផ្សាជាតិ ដែលទាំងអស់នេះគឺជាគោលការណ៍ទាំងអស់ ឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះសន្តិភាព សិទ្ធិមនុស្ស និងវិធាននៃច្បាប់។ សូមឲ្យកេរដំណែលនេះបន្តបំផុសគំនិតមនុស្សជំនាន់ក្រោយក្នុងការជំរុញការផ្សះផ្សា និងយុត្តិធម៌នៅទូទាំងតំបន់អាស៊ានរបស់យើង»។
លោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទី និងលោកបណ្ឌិត កៅ គឹមហួន បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន និងការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការរួមចំណែកដល់ដំណើរការកសាងសន្ដិភាព ការផ្សះផ្សា និងការអភិវឌ្ឍប្រទេសក្រោយជម្លោះដែលកើតមានឡើងនៅក្នុងតំបន់អាស៊ាន។
លោក ក្រាញ់ តូនី បានថ្លែងថា «ការធ្វើដំណើររបស់កម្ពុជាសម្រាប់យុត្តិធម៌អន្ដរកាល គឺជាមេរៀនដ៏សំខាន់សម្រាប់ប្រទេសនានាក្នុងតំបន់។ ជាការពិតណាស់ បទពិសោធន៍របស់យើង ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងដោះស្រាយបញ្ហាក្រោយជម្លោះកន្លងមក មិនត្រឹមតែរួមចំណែកក្នុងការផ្សះផ្សាតាមមូលដ្ឋានរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអាស៊ានឱ្យកាន់តែមានភាពរឹងមាំ និងស្អិតរមួតបន្ថែមទៀតនាពេលអនាគត»។
បន្ទាប់ពីកិច្ចពិភាក្សា គណៈប្រតិភូអាស៊ាន ក៏បានអញ្ជើញទស្សនាសាលពហុបំណង បណ្ណាល័យ និងបណ្ណសារដ្ឋាន ដែល អ.វ.ត.ក. បានប្រើប្រាស់សម្រាប់រៀបចំទុកដាក់ និងផ្សព្វផ្សាយកេរដំណែលរបស់ អ.វ.ត.ក. ដល់សាធារណជនផងដែរ។
ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាននេះផងដែរ លោកបណ្ឌិត ក៏បានជួបប្រជុំជាមួយលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងបានផ្លាស់ប្តូរបទពិសោធន៍នៃការងារទាក់ទងនឹងយុត្តិធម៌អន្តរកាលរបស់កម្ពុជា។
អ.វ.ត.ក. ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ ដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ អ.វ.ត.ក. បានស៊ើបអង្កេតឧក្រិដ្ឋកម្មនានាដែលបានកើតឡើងចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និង ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ និងបានជួយប្រជាជនកម្ពុជាស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងសន្តិភាព។
ការជំនុំជម្រះក្ដីបានប្រព្រឹត្តទៅពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២។ ចាប់ពីខែមករា ឆ្នាំ២០២៣ អ.វ.ត.ក. បានចាប់ផ្តើមអនុវត្តលើមុខងារសេសសល់ សម្រាប់រយៈពេលបីឆ្នាំដំបូង ស្របតាមកិច្ចព្រមព្រៀងបន្ថែមរវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ។ ផ្នែកសំខាន់មួយ នៃមុខងារសេសសល់ទាំងនេះ គឺការរៀបចំថែទាំ រក្សាទុកនិងគ្រប់គ្រងបណ្ណសាររបស់ខ្លួន រួមទាំងការធ្វើចំណាត់ថ្នាក់ឯកសារឡើងវិញនៃឯកសារសំណុំរឿងទាំងអស់ និងការផ្សព្វផ្សាយព័ត៌មានដល់សាធារណជនពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញ៕