(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជទានព្រះរាជសារថ្លែងអំណរគុណ ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្វាយលិខិតថ្វាយព្រះពរ និងផ្កាដ៏ល្អស្រស់ ក្នុងឱកាសអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥។

ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រីមានខ្លឹមសារដូច្នេះថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាទីបំផុត ចំពោះលិខិតថ្វាយព្រះពរ និងផ្កាដ៏ល្អស្រស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នៅក្នុងឱកាសអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥។

ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមសរសើរដ៏កក់ក្តៅជាទីបំផុត សម្តេចអគ្គមហាសេនាបតីតេជោ ដែលខិតខំបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ យើងប្រែក្លាយពីគំនរផេះផង់ ទៅជាមាតុភូមិមួយ ដែលប្រជារាស្ត្ររស់ក្រោមម្លប់សន្តិភាពប្រកបដោយ សេចក្តីសុខមានការរីកចម្រើនជាលំដាប់។

ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានមហាជោគជ័យធំៗជាបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ព្រមទាំងបានប្រកប តែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវសេចក្តីស្រឡាញ់ដ៏ ជ្រាលជ្រៅ និងរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ»៕