(ព្រះសីហនុ)៖ ក្រោយមានអភិវឌ្ឍន៍នូវគម្រោងហេដ្ឋារចនាសម្ព័នផ្លូវបេតុងដែលទើបដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗ កន្លងទៅចំនួន៤សង្កាត់ ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានដើម្បីចុះពិនិត្យនូវគម្រោងនេះ បានចំនួន៣សង្កាត់ ក្នុងនោះមាន សង្កាត់រាម, បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ស្ថិតនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលជាការប្រើប្រាស់ថវិកាខេត្តឆ្នាំ២០២៤។
ស្របពេលក្នុងការចុះពិនិត្យគម្រោងនេះ អភិបាលខេត្តក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដើម្បីបង្កើនភាពស្និទស្នាលរវាងថ្នាក់ដឹកនាំ ជាមួយប្រជាពលរដ្ឋ និងស្វែងយល់ពីសុខទុក្ខក្នុងការរស់នៅ ការប្រប្រកបរបររកស៊ីចិញ្ចឹមជីវិត ថាតើពួកគាត់បានជួបប្រទះបញ្ហា ឬវិបត្តិ អ្វីខ្លះ ក្នុងន័យនេះលោក ម៉ាង ស៊ីណេត បានផ្តាំផ្ញើដល់អភិបាលក្រុង ចៅសង្កាត់ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ដើម្បីសុខវត្ថិភាព និងដោះស្រាយទុក្ខលំបាកជូនពួកគាត់ទាន់ពេលវេលា។
រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់លោក ម៉ាង ស៊ីណេត តែងតែគិតគូរប្រជាពលរដ្ឋ និងបានដោះស្រាយសម្របសម្រួលឲ្យមានប្រព័ន្ធទឹក ភ្លើង ផ្លូវថ្នល់ស្អាត ក្នុងការប្រើប្រាស់ជាបន្តបន្ទាប់។
លោកក៏បានសំណូមពរប្រជាពលរដ្ឋដែលរស់នៅអមសាងខាងផ្លូវបេតុងសូមជួយថែរក្សា ការពារខ្សែផ្លូវក្នុងភូមិឲ្យបានល្អ ព្រោះខ្សែផ្លូវបេតុងទាំងនេះ គឺជាសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋក្នុងភូមិ ក្នុងការសម្រួលធ្វើចរាចរណ៍ចេញចូល ដឹកផលិតផលកសិកម្មទៅកាន់ទីផ្សារបានងាយស្រួល។
លោក ម៉ាង ស៊ីណេត បានណែនាំទៅដល់កូនចៅប្រុសស្រី ដែលជាទំពាលស្នងឬស្សីទៅថ្ងៃមុខ ដើម្បីចង់បានការងារល្អខ្ពង់ខ្ពស់ ប្រាក់ខែច្រើន បំពេញតម្រូវការក្នុងសង្គមឌីជីថល ត្រូវតែខិតខំសិស្សាបំពេញចំណេះជំនាញទៅថ្ងៃមុខទាំងអស់គ្នា ស្របពេលនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានខិតខំកៀរគរអ្នកវិនិយោគពីបណ្តាលប្រទេសនានាមកបោះទុកបង្កើតក្រុមហ៊ុន រោងចក្រ អាជីវកម្មផ្សេងៗ ពោលគឺចង់ឲ្យពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា និងកាត់បន្ថយអ្នកចំណាកស្រុក។
យោងតាមរបសយការរបស់លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ត បានឲ្យដឹងថា គម្រោងអភិវឌ្ឍខេត្ត ឆ្នាំ២០២៤ មានដូចជា៖
*ទី១៖ ជួសជុលផ្លូវបេតុងចំនួន១ខ្សែ ប្រវែង៥៩០ម៉ែត្រ ស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម
*ទី២៖ ជួសជុលផ្លូវបេតុងចំនួន១ខ្សែ ប្រវែង៧៧៧ម៉ែត្រ ស្ថិតនៅភូមិទឹកចេញ សង្កាត់បឹងតាព្រហ្ម
*ទី៣៖ ជួសជុលផ្លូវបេតុងចំនួន១ខ្សែ ប្រវែង១,១៦០ម៉ែត្រ ស្ថិតនៅភូមិស្រែក្នុង សង្កាត់អូរជ្រៅ។
ដោយឡែកប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងទាំង ៣ខ្សែខាងលើ បានថ្លែងអំណរគុណដល់ អភិបាលខេត្ត អភិបាលក្រុង និងអាជ្ញាធរដែលបានយល់ពីសុខទុក្ខរបស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានធ្វើការអភិវឌ្ឍប្រែក្លាយពីផ្លូវក្រាលក្រួសក្រហម ផ្លូវដីមកជាផ្លូវបេតុង ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានកាន់តែងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលាបានច្រើនថែមទៀតផង ពិសេសងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ ទីប្រជុំជននានាក្នុងខេត្តព្រះសីហនុ៕