(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីទទួលបានសុខភាពល្អ និងចៀសវាងពីជំងឺរុំារៃទៅថ្ងៃអនាគត សូមឱ្យប្រជាពលរដ្ឋយើង ចូលរួមជ្រើសរើសនូវឥរិយាបថសុវត្ថិភាព សម្រាប់សុខភាព សុខុមាលភាព តាមរយៈការពិសារអាហារឱ្យបានល្អ។

លោកសាស្ដ្រា​ចារ្យបន្ដទៀតថា «ការទទួលបានសុខភាពល្អ ត្រូវពិសាអាហារតាមការណែនាំរបស់អ្នកជំនាញរបស់សុខាភិបាល តិចអំបិល តិ​ចស្ក តិចខ្លាញ់ ត្រូវកាត់បន្ថយ និងចៀវាងនូវការពិសាគ្រឿងស្រវឹង មិនប្រើប្រាស់ថ្នាំជក់ និងត្រូវធ្វើកីឡាជាប្រចាំ»។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា នៅក្នុងការបរិភោគអាហារយើងដឹងហើយថា ត្រូវតិចអំបិល តិ​ចស្ក តិចខ្លាញ់ ដែលប្រជាពលរដ្ឋយើងអាចធ្វើបានព្រោះជារឿងសាមញ្ញ ក៏ប៉ុន្ដែត្រូវឱ្យភាគីទាំងអស់ចូលរួម ទាំងប្រជាពលរដ្ឋ និងអ្នកប្រតិបត្ដិករក្នុងការងារសុខភាពនេះក៏ខិតខំទាំងអស់គ្នា។ ការងារនេះគឺត្រូវការចូលរួមជាជាពហុវិស័យ។

លើសពីនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានផ្ដល់សារគន្លឹះចំនួន ២ចំណុច គឺ១) សូមប្រជាពលរដ្ឋយើងគ្រប់រូប ចូលរួមធ្វើជាតួអង្គសំខាន់សម្រាប់សុខភាពខ្លួនឯង និងទី២) សូមលោកអ្នកជួយគ្រូពេទ្យ ដើម្បីគ្រូពេទ្យជួយលោកអ្នក ឱ្យទទួលបានសុខភាពល្អប្រសើរ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន សន្និបាតសុខាភិបាលលើកទី៤៤ កាលពីចុងសប្ដាហ៍នេះ៕