(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាក់ទងនឹងសេវាសុខាភិបាល នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រសើរ គឺទាមទារត្រូវពង្រឹង និងពង្រីកសេវាសុខាភិបាល។ ក្នុងនោះការពង្រឹងសំដៅលើការលើកកម្ពស់គុណភាពសេវា ហើយការពង្រីក គឺការសម្រួលឱ្យមានការបម្រើសេវាសុខភាពឱ្យបានទូលំទូលាយ មិនឱ្យមានរបាំង គឺបញ្ហាថវិកា ដោយប្រើជំនួសដោយបណ្ណប.ស.ស និងមូលនិធិសមធម៌។
ការលើកឡើងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន សន្និបាតសុខាភិបាលលើកទី៤៤ កាលពីចុងសប្ដាហ៍នេះ។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «ចក្ខុវិស័យ ឆ្នាំ២០២៥ គឺការពង្រឹង និងពង្រីក គឺការពង្រឹងគុណភាព ឆ្លើយតបទៅនឹងកំណើននៃជំងឺដែលកើតមាន ជាពិសេសជំងឹមិនឆ្លង និងត្រូវពង្រីកការផ្ដល់សេវាជូនប្រជាជនឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនឱ្យពលរដ្ឋណាម្នាក់មិនបានទទួលសេវាសុខាភិបាលនោះទេ ទោះជាគ្មានថវិកាក៏ដោយ ដោយរបាំងនេះ គឺប្រើជំនួសដោយបណ្ណប.ស.ស និងមូលនិធិសមធម៌»។
ជាមួយគ្នានេះក្រសួងសុខាភិបាលក៏បានតម្រង់ទិសជាយុទ្ធសាស្ដ្រឱ្យមានការរំកិលទៅរការងារមួយដែលកាន់តែច្បាស់ និងផ្ដោតសំខាន់ទៅលើ ៤ចំណុច គឺ៖
១៖ ដើរឱ្យត្រូវគន្លងជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីឱ្យជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងឡាយ
២៖ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍, ជំងឺរបេង, ជំងឺគ្រុនចាញ់, ការលើកទឹកចិត្ដ គាំពាំមាតា និងទារក ដើម្បីកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក
៣៖ ការបញ្ជាក់ពីគុណភាពសម្រាប់ទីតាំងផ្ដល់សេវាសុខាភិបាល
៤៖ សម្រួលឱ្យប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលឱ្យបានងាយស្រួល
លោកសាស្ដ្រាចារ្យបន្ដថា លើសពីនោះក្រសួងសុខាភិបាល បានធ្វើគម្រោងពាក់ព័ន្ធទាំងឡាយ ឱ្យមានកិច្ចសហការប្រតិបត្ដិការ នៅក្នុងការគាំពារ សុខភាពឱ្យកាន់តែមានប្រសើរឡើងផងដែរ៕