(ភ្នំពេញ)៖ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេស សន្យានឹងផ្តល់ការផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
ការសន្យាជំរុញនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបលោក លោកស្រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសចំនួន១៩រូប ពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
ការទទួលជួបនេះ ក្រោយដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ខ្លឹមសារសំខាន់នៃជំនួបនេះ ដើម្បីផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ ពិសេសជាងនេះទៀត គឺការជំរុញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រីកការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា (ទេសចរណ៍វប្បធម៌ប្រវតិ្តសាស្ត្រ, ទេសចរណ៍ធម្មជាតិ, ទេសចរណ៍នៅតាមតំបន់ឆ្នេរ), វប្បធម៌ប្រពៃណី, សាសនា, ម្ហូបអាហារ, ស្នាមញញឹមកម្ពុជា, ភាពជាខ្មែរ សុទ្ធសឹងជាអត្តសញ្ញាណរបស់កម្ពុជា៕