(កណ្តាល)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម។
ពិធីនេះមានការចូលរួមពី លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ ក្រុមកាងារចលនាស្រ្តី ក្រុមការងារបណ្តាញស្រ្តី ក្រុមការងារចលនាទាំង ១១ នៃស្រុកល្វាឯមនិងក្រុងអរិយក្សត្រ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ក្រុង លេខាធិការដ្ឋាន ព្រមទាំងលោក លោកស្រីប្រធានគណបក្សឃុំ សង្កាត់ និងសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯមនិងក្រុងអរិយក្សត្រ ប្រមាណ ១ ២០០នាក់។
ក្នុងកម្មវិធីនេះដែរលោក គង់ វិបុល បានមានមតិសំណេះសំណាល និងលើកឡើងថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយលើ ការលើកកម្ពស់សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាច ដល់ស្ត្រី និងក្មេងស្រី ថ្នាក់ដឹកនាំគណបក្សស្រុកល្វាឯម និងក្រុងអរិយក្សត្រ ត្រូវបន្តយកចិត្តទុកដាក់ និងជំរុញកំណើនមន្ត្រីជាស្ត្រី ការជ្រើសរើសមន្ត្រីថ្មីជាស្ត្រី និងស្ត្រីក្នុងថ្នាក់សម្រេចចិត្ត ហើយពិចារណាជំនួសអ្នកចូលនិវត្តន៍ នូវថ្នាក់សម្រេចចិត្តដោយស្ត្រី ករណីមានសមត្ថភាពគុណវុឌ្ឍិសមស្រប ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ។
លោកបានលើកទឹកចិត្តឱ្យមានការផ្តល់ឱកាស និងលទ្ធភាពដល់ស្ត្រីបានចូលរួមវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពផងដែរ ។ បន្ថែមពីនេះ លោកសូមឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងបុរសទាំងស្ត្រី បន្តការគាំទ្រ និងជំរុញការចូលរួមរបស់ស្ត្រី លើកទឹកចិត្ត និងផ្តល់ឱកាសក្នុងការបង្កើនសមត្ថភាព ទាំងផ្នែកបច្ចេកទេស ភាសាបរទេស និងភាពជាអ្នកដឹកនាំនៅមូលដ្ឋាន ដើម្បីទទួលបាននូវចំណេះដឹង ជំនាញថ្មីៗ ពង្រឹងនិងកសាងភាពជឿជាក់ដល់ខ្លួនឯង ក្នុងការបំពេញការងារជូនអង្គភាព និងនៅមូលដ្ឋានរបស់ខ្លួន។
លោកក៏បានណែនាំឱ្យយកចិត្តទុកដាក់ពិនិត្យលទ្ធភាពដល់ស្ត្រី ដើម្បីបំពេញការងារបានពេញលេញ ដោយ ពិនិត្យលទ្ធភាពបង្កើតបរិយាកាស អំណោយផលដល់មន្ត្រីជាស្ត្រី ក្នុងការបំពេញការងារដោយជួយសម្រួលរំលែកបន្ទុកចាំបាច់មួយចំនួន ដែលស្ត្រីកំពុងជួបប្រទះនាពេលបច្ចុប្បន្ន តួយ៉ាងបន្ទុកស្ត្រីដែលមានកូនតូច និងគួរពិនិត្យលទ្ធភាពពិចារណារៀបចំទារកដ្ឋាន នៅកន្លែងធ្វើការ។
លោកបានស្នើឱ្យពិចារណាបញ្រ្ជាបការងារយេនឌ័រក្នុងកម្មវិធីសកម្មភាព ដើម្បីបង្កលទ្ធភាពដល់ក្រុមការងារយេនឌ័រ របស់គណៈកម្មាធិការគណបក្សមូលដ្ឋាន និងក្រុមការងារចលនាស្ត្រី និងក្រុមការងារបណ្តាញស្ត្រីនៅក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ អាចមានលទ្ធភាព ចូលរួមអនុវត្តសកម្មភាពគាំទ្រដល់ ការលើកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី រួមមាន៖ ការរៀបចំកម្មវិធីវេទិកាជជែកដេញដោល ការប្រកួតប្រជែងនានា ការចុះផ្សព្វផ្សាយ និងទស្សនកិច្ចសិក្សាជាដើម។
ស្ត្រី គឺជានិម្មាបនករនៃការផ្លាស់ប្តូរ (Architects of Change), ស្ត្រីជាអ្នកដឹកនាំ, ជាសហគ្រិន, ជាម្តាយ, ជាភរិយា, ជាអ្នកគ្រូ និងជាអ្នកអប់រំទូន្មានក្នុងគ្រួសារដែលជាកម្លាំងនៃបរិវត្តកម្មសង្គម (forces of transformation) ដូច្នេះត្រូវធានាថា សិទ្ធិរបស់ស្ត្រី ទទួលបានការការពារយ៉ាងពេញលេញ ហើយសម្លេងនិងការចូលរួមរបស់ស្ត្រីក្នុងសង្គម ត្រូវបានដឹងលឺ, ទទួលស្គាល់, និងផ្តល់តម្លៃ ហើយត្រូវធ្វើការប្រកាសចំពោះស្ត្រីថា អ្នកគឺមានអំណាច (you are powerful) ហើយអ្នកក៏មាន សមត្ថភាព (you are capable) ផងដែរ៕