(កំពង់ធំ)៖ គណបក្សប្រជាជនកម្ពុជាឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រារព្ធ​ពិធី​​ផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៣០៨នាក់ ស្រី​១៦៥​នាក់ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក ប៉ិច សុខា សមា​ជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះ​មូលដ្ឋានឃុំទ្រៀល។

ក្នុងពិធីនោះ លោក ប៉ិច សុខា បានថ្លែងនាំនូវការសួរសុខទុក្ខ និងការផ្ញើក្ដីរលឹកពី​ថ្នាក់ដឹក​នាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពងធំ និងទេសរដ្ឋមន្ត្រី ថោង ខុន សមាជិក​គណៈ​​កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក​តាំង​គោក និងលោក ឈាង វណ្ណារិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុម​ការ​ងារគណបក្សចុះមូលដ្ឋាន ស្រុកតាំងគោក។

លោក ប៉ិច សុខា បានជម្រាបអង្គប្រជុំអំពីថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា តាំង​ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍ខ្មែរ» ដែល​​មានអាយុកាលជាង ៧៣ឆ្នាំហើយ។ ចាប់ពីពេលបដិសន្ធិមក គណបក្សប្រកាន់​ខ្ជាប់​នូវគោលបំណងរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលដែលមានឧត្តម គតិស្នេហា​ជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់​ឋានៈជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារ មាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាព សង្គម។ គណបក្សបានផ្សារភ្ជាប់ជាមួយប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីសម្រេចនូវគោលបំណងដ៏ឧត្តុង្គឧត្តមនេះ។

លោក ប៉ិច សុខា បានគូសរំលេចទៀតថា ឆ្លងកាត់រយៈពេលជាង៤០ឆ្នាំ នៃការតស៊ូ​សង្គ្រោះ​ជាតិ ការស្តារ កសាង និងការពារ មាតុភូមិ គណបក្សដកស្រង់​បានបណ្តាមេរៀន​ជាប្រវត្តិសាស្ត្រ ដែលមានសារៈសំខាន់បំផុតសម្រាប់អនាគតរបស់ជាតិ មាតុភូមិ ដូចខាងក្រោម៖

* ទី១៖ ការដឹកនាំខាងនយោបាយបានត្រឹមត្រូវ គឺជាកត្តាចម្បងនៃជ័យ​ជម្នះរបស់​ប្រជាជាតិ
* ទី២៖ ប្រជាជនជាកត្តាសម្រេចនៃជ័យជម្នះក្នុងការតស៊ូរំដោះជាតិ ក៏ដូចក្នុងការកសាង និងការពារប្រទេស និងជា មូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការដឹកនាំ​នយោបាយ​ក្នុងសង្គមជាតិ
* ទី៣៖ សាមគ្គីភាពជាកត្តាស្លាប់រស់របស់ជាតិ មានសាមគ្គីភាពទើបជាតិឈ្នះ បើបែក​បាក់​សាមគ្គីភាព គឺមានតែបរាជ័យប៉ុណ្ណោះ
* ទី៤៖ សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយ​ផ្ទុយមកវិញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ គឺជាលក្ខខណ្ឌ​ចាំបាច់​សម្រាប់​ធានា និងពង្រឹងសន្តិភាព និងស្ថិរភាពសង្គម។ គណបក្សដែលជាស្ថាបនិក​នៃ​សន្តិភាព ជាអ្នកជ្រោងទង់អភិវឌ្ឍន៍ យើងយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព និងស្ថិរភាព ប្រកាន់ជំហរដាច់ខាតក្នុងការថែរក្សាសន្តិភាព ស្ថិរភាពឲ្យបានរឹងមាំ ស្ថិតស្ថេរ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី
* ទី៥៖ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព យើងត្រូវតែលើកកម្ពស់មនសិការ និង​ការ​ភ្ញាក់រឭក ប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាព ទឹកដីឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស ដោយមិនរាថយចំពោះមុខការរំលោភបំពានណាពីខាងក្រៅ
* ទី៦៖ នៅគ្រប់កាលៈទេសៈ គណបក្សប្រជាជន ត្រូវប្រកាន់ខ្ជាប់នូវជំហរជាអ្នកធ្វើជា​ម្ចាស់​របស់ប្រទេសជាតិខ្លួន មានជំនឿលើកម្លាំង និងការប្រឹងប្រែងរបស់ខ្លួន
* ទី៧៖ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេស​ជិត​ខាង ភូមិផងរបងជាមួយ ក៏ដូចជាមួយបណ្តាប្រទេសលើពិភពលោក ដោយមិនប្រកាន់​របបនយោបាយជាកត្តាសំខាន់មិនអាចខ្វះបាន ដោយឈរលើមូលដ្ឋានប្រកាន់ខ្ជាប់​គោល​ការណ៍អព្យាក្រឹត សន្តិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ និងលើមូលដ្ឋានការ​គោរពឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍​ទៅវិញទៅមក ដើម្បីធានាដល់ការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពរបស់ជាតិ។

លោក ប៉ិច សុខា បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា បានការពារយ៉ាង​រឹងមាំនូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅ​ដ៏សុខ​សាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឲ្យមានការរីកចម្រើន សំដៅឆ្ពោះទៅ​ស​ម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូល​មធ្យ​ម​កម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេស​មាន​ចំណូលខ្ពស់នាឆ្នាំ២០៥០៕