(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា​ រ​ដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែង បីចំណុចធំៗក្នុងការពង្រឹងសេវាសុខាភិបាលតាមខេត្ដ និងជនបទ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា គឺទី១៖ ការអន្ដរាគមន៍ចម្រុះ ការប្ដេជ្ញាចិត្ដ និងស៊ូឬតាមជាប់រហូតទាំងថ្ងៃទាំងយប់ ពិសេសនៅតាមមណ្ឌលសុខភាព។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន សន្និបាតសុខាភិបាលលើកទី៤៤ កាលពីចុងសប្ដាហ៍នេះ។

លោកសាស្រ្ដាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា​ បានថ្លែងបន្ដថា «ដើម្បីផ្ដល់សេវាសុខាភិបាលមួយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា នៅតាមមន្ទីរពេទ្យខេត្ដ និងនិងជនបទ, ដោយនៅដើមអណត្ដិទី៧នេះ យើងបានប្រកាសដាក់ឱ្យប្រើប្រាស់នូវកម្មវិធីថែទាំសុខភាពបឋម ហើយក្រោយដាក់ដំណើរការគឺយើងខិតខំបន្ដតាមជាប់រហូត ដោយមិនចោលនោះទេ គឺតាមទាំងយប់-ថ្ងៃ។ លើសពីនោះយើងបានរៀបចំនូវហេដ្ឋានរចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ ខិតខំរករថយន្ដគិលានសង្គ្រោះសម្រាប់ដឹកជញ្ជូន និងពង្រឹងសមត្ថភាពគ្រូពេទ្យពីរបៀបសង្គ្រោះប្រកបដោយប្រសិទ្ធភាព ដល់អ្នកជំងឺពី រួមទាំងបណ្ដុះណ្ដាលទាំងផ្នែកបច្ចេកទេស និងផ្នែកដឹកនំាផង ក្នុងនោះក៏បានបណ្ដុះបណ្ដាលអ្នកចេះហើយ ឱ្យកាន់តែមានពហុជំនាញបន្ថែម»

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងទៀតថា សម្រាប់ក្នុងកម្រិតមន្ទីរពេទ្យជាតិ គឺបានធ្វើការចែករំលែកនូវការងារ ដោយមន្ទីរពេទ្យថ្នាក់ជាតិមួយ ត្រូវទៅជួយបណ្ដុះបណ្ដាលដល់មន្ទីរពេទ្យខេត្ដ មួយ ពីរ ឬបី និងមន្ទីរពេទ្យស្រុក និងពង្រឹងបន្ថែមតាមប្រព័ន្ធឌីជីថល ។

ជាងនេះទៅទៀតក្រសួងសុខាភិបាល មិនត្រឹមតែចាំតែព្យាបាលអ្នកជំងឺនោះទេ គឺចូលរួមក្នុងការការពារ និងស្វែងរកជំងឺដែលកើតមានបញ្ហាកាន់តែឆាប់ ហើយយកមកព្យាបាលបានលឿន ហើយសម្រួលឱ្យអ្នកជំងឺ មិនចាប់បាច់ធ្វើដំណើរមកមន្ទីរពេទ្យថ្នាក់ជាតិនោះទេ ត្រឹមមន្ទីរពេទ្យថ្នាក់ក្រោមជាតិ ក៏អាចព្យាបាលបានប្រកបដោយគុណភាព និងសុវត្ថិភាព ដែលមិនធ្វើឱ្យអ្នកជំងឺធ្វើដំណើរខាតពេលវេលា ថវិកា និងបញ្ហាផ្លូវចិត្ដក្នុងការទន្ទឹមរង់ចាំការសង្គ្រោះ នៅមន្ទីរពេទ្យថ្នាក់ជាតិដែលឆ្ងាយពីភូមិស្រុករបស់គាត់៕