(ភ្នំពេញ)៖ ចាប់ពីពេលនេះតទៅ តំណាងរាស្រ្តណាក៏ដោយឱ្យតែមិនចូលរួមប្រជុំនៅក្នុងរដ្ឋសភាដោយគ្មានមូលហេតុសមរម្យ ឬឈប់ដោយគ្មានការអនុញ្ញាតពីប្រធានសភានោះ នឹងត្រូវទទួលរងការដាក់ពិន័យកាត់ប្រាក់ខែ ឬត្រូវបណ្តេញចេញមិនឱ្យចូលប្រជុំមួយរយៈ។ នេះបើតាមសេចក្តីសម្រេចថ្មីរបស់រដ្ឋសភា ស្តីពីការអនុវត្តការដាក់ពិន័យចំពោះតំណាងរាស្រ្ត នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ។
សេចក្តីសម្រេចស្តីពីការអនុវត្តការដាក់ពិន័យចំពោះតំណាងរាស្រ្តដែលធ្វើខុសនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ កាលពីម្សិលមិញ។ ក្នុងនោះសមាជិកគណបក្សប្រឆាំង ដែលធ្វើពហិការមិនចូលប្រជុំសភាពេញអង្គកន្លងមក ក៏បានចូលរួមដែរ។
សេចក្តីសម្រេចនេះមាន១៨មាត្រា នឹងដាក់ពិន័យតំណាងរាស្រ្ត សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងសមាជិកគណៈកម្មការនានារបស់រដ្ឋសភា ដែលមិនបានមកចូលរួមប្រជុំដោយមិនមានមូលហេតុយកជាការណ៍បាន ឬតំណាងរាស្រ្តណាដែលនិយាយវាយប្រហារលើបុគ្គល ការសម្តែងអាការៈផ្សេងៗដែលនាំឱ្យខូចសណ្តាប់ធ្នាប់ ឬច្របូកច្របល់ក្នុងសាលប្រជុំ រួមទាំងតំណាងរាស្រ្តដែលញុះញង់ឱ្យប្រើអំពើហិង្សា ជេរប្រមាថមើលងាយរដ្ឋសភា ឬប្រធានរដ្ឋសភា ក៏ដូចជាជេរប្រមាថមើលងាយព្រះមហាក្សត្រ ជេរប្រមាថមើលងាយតំណាងរាស្រ្តឯទៀតជាដើម។
សេចក្តីសម្រេចស្តីពីការអនុវត្តការដាក់ពិន័យ ចំពោះតំណាងរាស្រ្តនេះ បានចែងថា តំណាងរាស្រ្តទាំងអស់មិនអាចអវត្តមានដោយមិនមានការអនុញ្ញាតពីប្រធានសភាបានឡើយ។ តំណាងរាស្រ្តណាដែលឈប់ខានមកប្រជុំដោយគ្មានការអនុញ្ញាត ត្រូវកាត់ប្រាក់បំណាច់ចំពោះថ្ងៃ ដែលអវត្តមាននោះ ហើយការកាត់ប្រាក់ខែនោះ នឹងត្រូវកាត់ទៅតាមចំនួនថ្ងៃអវត្តមានដែរ។
ដោយឡែកមាត្រា៦ នៃសេចក្តីសម្រេចនេះវិញ ក៏បានចែងដែរថា ចំពោះការទទួលទណ្ឌកម្មហើយ តំណាងរាស្រ្តនោះនៅតែប្រព្រឹត្តខុសទៀត ត្រូវទទួលទណ្ឌកម្មខាងវិន័យជាទម្ងន់ ដោយកាត់ប្រាក់បំណាច់ខែតាមចំនួនថ្ងៃអវត្តមាន បណ្តេញចេញពីការប្រជុំរយៈពេល១ខែ និងប្រកាសផ្សាយដល់មហាជននៅក្នុងមណ្ឌលនៃតំណាងរាស្រ្តដែលបានប្រព្រឹត្តខុសនោះបានដឹងជាដើម៕