(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ក្នុងរយៈពេលជាង ១ឆ្នាំ ៦ខែ នៃអាណត្ដិទី៧នៃរដ្ឋសភា សេវាសុខាភិបាលសាធារណៈ ត្រូវបានប្រជាពលរដ្ឋ មកទទួលសេវាច្រើន
បើប្រៀបធៀបជាមួយវិស័យសុខាភិបាលឯកជន។
«កត្ដាដែលជំរុញឱ្យមានការកើនឡើង មកពីប្រជាពលរដ្ឋ មានការយល់ដឹងពីការថែទាំសុខភាព និងមានជំនឿទុកចិត្ដលើសេវាសាធារណៈរបស់យើង ខណៈដែលយើងបានពង្រឹង និងពង្រីក សមត្ថភាព គុណភាព និងប្រសិទ្ធិភាពក្នុងថែទាំព្យាបាល តាំងពីថ្នាក់មណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យថ្នាក់ជាតិ ពិសេសការពង្រីកទីតាំងផ្ដល់សេវាសុខាភិបាលឱ្យកាន់តែច្រើន និងគៀកទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ លើសពីនោះក្រោមកិច្ចសហការអន្ដរវិស័យ ពីគ្រប់ជ្រុងទាំងអស់ និងមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងការដឹកនាំអភិវឌ្ឍផែនការយុទ្ធសាស្ដ្របញ្ចកោណ ដែលយើងបានខិតខំទាំងអស់ លើកកម្ពស់គុណភាពនៃការថែទាំ ជូនប្រជាពលរដ្ឋ និងដោយមិនមានរបាំង»។
នេះបើតាមការគូសបញ្ជាក់របស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងសន្និសីទសារព័ត៌មាន សន្និបាតក្រសួងសុខាភិបាលលើកទី៤៤ កាលពីចុងសប្ដាហ៍នេះ។