(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) បានអញ្ជើញសំណេះសំណាល និងប្រគល់អាហារូបករណ៍ជូននិស្សិតចំនួន៨០រូប មកពីបណ្តាសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ គិតជាថវិកា៥៤,៦៩៧ដុល្លារ សម្រាប់ឆ្នាំ២០២៥ ដែលជាការឧបត្ថម្ភរបស់ អង្គការសប្បុរធម៌ជូតអាល់ខយរីយ៉ះ (JOUD Charity) នៃប្រទេសគុយវ៉ែត នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC)។

ក្នុងចំណោមសិស្សនិស្សិតទាំង៨០នាក់ខាងលើ ក្នុងនោះ មានស្រី៤៩នាក់ ដែលកំពុងបន្តសិក្សា ចាប់ពីឆ្នាំទី១ ដល់ឆ្នាំទី៥ មកពីសាកលវិទ្យាល័យនានា រួមមាន សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យធនធានមនុស្ស, សាកលវិទ្យាល័យ CUS, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា, សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងផ្សេងៗទៀត។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណដល់ អង្គការសប្បុរធម៌ជូតអាល់ខយរីយ៉ះ ដែលខិតខំប្រឹងប្រែងក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក និងជាពិសេសបានផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតនាថ្ងៃនេះ ដែលជាផ្នែកមួយចូលរួមលើកស្ទុយវិស័យអប់រំ ក៏ដូចជាចូលរួមសម្រាលបន្ទុកអាណាព្យាបាលសិស្ស និស្សិត ដែលមានជីវភាពខ្វះខាតមកពីបណ្តារាជធានីខេត្តនានាទូទាំងប្រទេស ក្នុងការបង់ថ្លៃសិក្សា ដើម្បីនិស្សិតមានឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងផ្តែផ្តាំនិស្សិតទាំងអស់ថា ក្នុងនាមជាយុវជនសម័យថ្មី ត្រូវខិតខំតស៊ូរៀនសូត្រឲ្យបានខ្ពស់ ឲ្យមានចំណេះជំនាញច្បាស់លាស់ ជាពិសេសត្រូវមានភាពវៃឆ្លាតក្នុងសិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗ តាមប្រព័ន្ធបច្ចេកវិទ្យាឲ្យទាន់សម័យកាល ដើម្បីនាំយកចំណេះដឹងទាំងអស់នោះ មកចូលរួមជួយអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូល។

លោក ម៉ូត មហាំម៉ាត់ តំណាងអង្គការសប្បុរធម៌ជូតអាល់ខយរីយ៉ះប្រចាំកម្ពុជា បានលើកឡើងថា អង្គការជូទអាល់ខយរីយ៉ះ គឺជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងនៅ ក្នុងប្រទេសកូវ៉ែត ក្នុងអំឡុងឆ្នាំ២០១៦ ហើយចាប់តាំងពីឆ្នាំ២០២២ មក អង្គការបានអនុវត្តនូវគម្រោងនានា និងសម្រេចបានសមិទ្ធផល ជាច្រើនគួរជាទីមោទនៈសម្រាប់សាសនាឥស្លាម នៅក្នុងប្រទេសកម្ពុជា មានដូចជាមានការសាងសង់សាលារៀន វិហារឥស្លាម មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អាហារូបករណ៍សិស្ស និងគម្រោងសង្គមកិច្ច ជាច្រើនទៀត។

លោកបន្ថែមបន្តថា សមិទ្ធផលខាងលើ មិនអាចសម្រេចបានឡើយ បើគ្មានការជ្រោមជ្រែង គាំទ្រពីថ្នាក់ដឹកនាំឥស្លាមនៃប្រទេសកម្ពុជា ដែលមាន ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកម្មពិសេស ជាអ្នកដឹកនាំក្នុងការសម្របសម្រួល ទទួលជំនួយពីបរទេស ដើម្បីកសាងសហគមន៍ខ្មែរឥស្លាម។ ជាក់ស្តែង ពិធីប្រគល់អាហារូបករណ៍សម្រាប់និស្សិត នាថ្ងៃនេះគឺ អាចប្រព្រឹត្តទៅបានយ៉ាងរលូនដូចនេះ គឺដោយសារតែមានការចង្អុលបង្ហាញណែនាំ ពីសំណាក់ទេសរដ្ឋមន្ត្រី ដែលបានផ្តោតខ្លាំងទៅលើការអប់រំជាពិសេស គឺអាហារូបករណ៍សម្រាប់ សិស្សនិស្សិត ដែលមានតម្រូវការ សិស្សនិស្សិតដែលខ្វះខាត ព្រោះថាការអប់រំ គឺជាមធ្យោបាយតែមួយគត់ដើម្បីកាត់ បន្ថយភាពក្រីក្រជារៀងរហូត៕