(ភ្នំពេញ)៖ ក្នុងរយៈពេលជាង ១ឆ្នាំ ៦ខែ អាណត្ដិទី៧ នៃរដ្ឋសភា ក្នុងនាមក្រសួងសុខាភិបាល ជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានផ្ដោតសំខាន់ទៅលើ ៦ចំណុចសំខាន់ៗ គឺ៖ ១) គឺការពង្រឹង និងពង្រីកវិស័យសុខាភិបាល ២) ការលើកកម្ពស់គុណភាពវិស័យសុខាភិបាល ៣) ការពង្រីក និងការគ្រប់ដណ្ដប់នៃគាំពាសុខភាពសង្គម ៤) ការពង្រឹងភាពធន់នូវប្រព័ន្ធសុខាភិបាល ទី៥) ការពង្រឹង និងការធ្វើទំនើបកម្មនូវប្រព័ន្ធសុខាភិបាលទំនើប និង៦) ការសរុបរួមនូវអន្ដរកម្មរវាងវិស័យទាំងឡាយ ធ្វើឱ្យសម្រេចបាននៅក្នុងសុខុមាលភាព និងសុខភាពរប​ស់ប្រជាពលរដ្ឋ។

នេះតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មាន នៃសន្និបាតសុខាភិបាលលើកទី៤៤ កាលពីដើមសប្ដាហ៍នេះ។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល ដែលសម្រេចបាននៅឆ្នាំ២០២៤ ក្នុងការបំពេញបេសកកម្មសំខាន់ បង្កើនគុណភាព ប្រសិទ្ធភាពផ្តល់សេវាសុខាភិបាលរួមមាន៖ ករណីសរុបពិនិត្យជំងឺក្រៅ មានចំនួន ១៨,៦៩៤ ៣៩៧ករណី កើនឡើង ២៣%, អ្នកជំងឺសម្រាកពេទ្យ មានចំនួន ១,២៧៦ ៣១៩នាក់ កើនឡើង ១៦% ធៀបនឹងឆ្នាំ២០២៣, អត្រាប្រើប្រាស់គ្រែ កើនឡើង ៧% ស្មើនឹង ១៦, ៦៤៥គ្រែ, ការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ២១៨,៤០៩ នាក់, ការចាក់ថ្នាំបង្ការជូនដល់កុមារចំណុច ៣៤១, ៥២៥នាក់, ក្នុងឆ្នាំ២០២៤នេះ ទូទាំងប្រទេសទទួលបានឈាមសរុប ១៧៩,២៥៤ប្លោក ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការសង្គ្រោះបន្ទាន់ ចំពោះអ្នកជំងឺដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា។

លោកសាស្ដ្រាចារ្យរដ្ឋម​ន្ដ្រីបន្ថែមថា ក្នុងនៅឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនសរុបត្រឹម ១៨,៩៨៧នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦,៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣ នាក់ ឬ ថយ ៥៤%។ បើប្រៀបធៀបនឹងចំនួនករណីជំងឺគ្រុនឈាមដែលបានព្យាករណ៍ដោយកម្មវិធីជាតិថាឆ្នាំ ២០២៤ នេះជាឆ្នាំដែលអាចមានការរាតត្បាតជំងឺគ្រុនឈាមចំនួនប្រមាណ ៧៥,០០០ ករណីឈឺ មានន័យថា ឆ្នាំនេះយើងបានកាត់បន្ថយ ករណីឈឺរហូតដល់ប្រមាណ ៥៦,០០០ នាក់ ស្មើនឹងថយចុះប្រមាណជិត ៤ដងធៀបនឹងចំនួនព្យាករណ៍រាតត្បាត។

សម្រាប់ការប្រយុទ្ធនឹងជំងឺរបេងនៅកម្ពុជា ទទួលបានជោគជ័យគួរឱ្យកត់សំគាល់។ អត្រាស្លាប់ដោយសារ ជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះពីកំរិត ៤២ ករណីក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០០០ មកនៅត្រឹម ២១ករណី ក្នុងចំណោម១០០ ០០០នាក់ នៅឆ្នាំ២០២៣ (ស្មើនឹងការធ្លាក់ចុះ ៥០%)។ គោលដៅរហូតដល់ឆ្នាំ២០៣០ គឺកាត់បន្ថយអត្រាស្លាប់ និងអត្រាអាំងស៊ីដង់ នៃជំងឺរបេង ស្របតាមផែនការយុទ្ធសាស្ត្រជាតិ និងទិសដៅអន្តរជាតិ ពោលគឺ នៅតែថែរក្សាអត្រាព្យាបាលជោគជ័យយ៉ាងតិច៩០% និងខិតខំស្រាវជា្រវរកករណីរបេងអោយបានច្រើនថែមទៀត នៅឆ្នាំបន្តៗខាងមុខ។

លើសពីនោះកម្ពុជាកំពុងស្ថិតការឈានឆ្ពោះទៅសម្រេចបានគោលដៅសកល ៩៥%-៩៥%-៩៥% ដែលជាមូលដ្ឋានឆ្ពោះទៅបញ្ចប់មេរោគអេដស៍ នៅឆ្នាំ ២០៣០។ នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាន៩៥%ទី១ ស្មើ ៨៩% ៩៥%ទី២ បាន ៩៨% និង ៩៥%ទី៣ បាន ៩៨%។ ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៤ មានចំនួនសរុប ៣១២ករណី និងគ្មានស្លាប់ បើធៀបនឹងឆ្នាំ២០២៣ គឺគ្រុនចាញ់ សរុបបានថយចុះ ៧៤% (៣៥៥/១៣៨៤ករណី)។ ប្រទេសកម្ពុជា បានបញ្ចប់លែងមានករណីស្លាប់ដោយ សារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨។ ស្ថានភាពស្លាប់ដោយសារជំងឺគ្រុនចាញ់ប្រចាំឆ្នាំ បានថយចុះពី៩៣នាក់ក្នុងឆ្នាំ២០១១ មកនៅ ០នាក់ ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន នឹងឈានឆ្ពោះទៅលុបបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២៥។

ក្នុងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីរដ្ឋ ក៏បានបង្ហាញពីការផ្ដល់សេវាសុខភាពផ្លូវចិត្ដផងដែរ។ ដើម្បីជ្រាបច្បាស់ពីសមិទ្ធផលការងាររបស់ក្រសួងសុខាភិបាល ក្នុងរយៈពេល ជាង១ឆ្នាំកន្លះនៅក្នុងអណត្ដិទី៧ សូមអញ្ជើញទស្សនាវីដេអូទាំងស្រុង៖