(ភ្នំពេញ)៖
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានដាក់ចេញបញ្ជាដល់កម្លាំងសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ឲ្យពិនិត្យឡើងវិញ និងមិនត្រូវបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ ដែលកំពុងដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ នៅពេលមានក្បូនឆ្លងកាត់នោះឡើយ ពោលត្រូវរៀបចំធ្វើយ៉ាងណាឲ្យរថយន្ដសង្គ្រោះអាចបន្ដធ្វើដំណើរដោយធម្មតា។

សារសំឡេងដាក់បទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីសម្ដេចឃើញវីដេអូដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម ដែលសមត្ថកិច្ចបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ នៅពេលមានក្បួនថ្នាក់ដឹកនាំឆ្លងកាត់។ តែសម្ដេចបានណែនាំថា សមត្ថកិច្ចដែលកំពុងអនុវត្តតួនាទីភារកិច្ច ត្រូវតែបត់បែនទៅតាមករណីចាំបាច់នីមួយៗ ពិសេសពាក់ព័ន្ធការសង្គ្រោះអាយុជីវិតមនុស្ស។

តាមរយៈសារសំឡេងដដែលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទន្ទឹងនឹងការអនុញ្ញាតឲ្យរថយន្ដសង្គ្រោះបន្ទាន់ឆ្លងកាត់នៅពេលមានក្បួនថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិនោះ សមត្ថកិច្ចនៅគោលដៅនោះ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ថា នៅក្នុងរថយន្ដសង្គ្រោះបន្ទាន់នោះមានអ្នកដែលត្រូវសង្គ្រោះមែនឬយ៉ាងណា? ព្រោះខ្លាចមានការលួចបន្លំប្រើប្រាស់រថយន្ដសង្គ្រោះ ដើម្បីធ្វើសកម្មភាពផ្សេងៗប៉ះពាល់ដល់សុវត្ថិភាពថ្នាក់ដឹកនាំ។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក៏បានណែនាំទៀតថា នៅពេលបិទចរាចរណ៍ថ្នាក់ដឹកនាំឆ្លងកាត់រួចរាល់ហើយនោះ សមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ត្រូវសម្រួលដល់ប្រជាពលរដ្ឋទូទៅកុំឲ្យនៅកកស្ទះយូរពេក ព្រោះទាំងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំសុទ្ធតែមានធុរៈរៀងៗខ្លួន។ លើសពីនេះ នៅពេលបិទក្បូនថ្នាក់ដឹកនាំ មិនគួរគម្បីបិទយូរពេកនោះទេ ពោលមុនក្បួនបន្ដិច ហើយក្បួនឆ្លងកាត់រួច ត្រូវបើកដំណើរការឡើងវិញ។

ខាងក្រោមនេះ ជាខ្លឹមសារណែនាំ និងការថ្លែងអំណរគុណចំពោះសមត្ថកិច្ច ដែលអនុវត្តតួនាទីភារកិច្ចនាពេលកន្លងមក ពាក់ព័ន្ធការបិទចរាចរណ៍ការពារសុវត្ថិភាពថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិ៖

«ខ្ញុំសូមអរគុណ និងកោតសរសើរដល់បងប្អូនសមត្ថកិច្ចទាំងអស់ ជាពិសេសនគរបាលចរាចរណ៍ដែលបានខិតខំប្រឹងប្រែងគ្រប់ពេលវេលា ដើម្បីធានានូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍តាមបណ្តោយដងផ្លូវសាធារណៈនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានប្រជាជនច្រើនហើយសកម្មភាពសេដ្ឋកិច្ចក៏រស់រវើកខ្លាំង។

ខ្ញុំក៏សូមកោតសរសើរចំពោះឯកឧត្តម អគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងណែនាំលើកិច្ចការងារដ៏សំខាន់នេះជាប់ជាប្រចាំ។

ខ្លួនខ្ញុំក៏ធ្លាប់ដឹកនាំផ្ទាល់នូវការងារសន្តិសុខសម្រាប់ការពារថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ខ្ញុំយល់ច្បាស់អំពីការលំបាកពេលខ្លះ ក្នុងការបំពេញភារកិច្ចតាមតួនាទី ក្នុងការធានាតុល្យភាព នៃការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ជាមួយនឹងការសម្រួលសកម្មភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ការពារសុវត្ថិភាពមួយចំនួន។

ទោះជាយ៉ាងនេះក្តី ការអនុវត្តភារកិច្ចដោយម៉ឺងម៉ាត់និងម៉ត់ចត់ ប្រកបដោយភាពបត់បែនទៅតាមករណីចាំបាច់នីមួយៗ ជាពិសេសករណីពាក់ព័ន្ធជាមួយការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកិច្ចការដែលយើងត្រូវខិតខំបន្តរួមគ្នាធ្វើដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ខ្ញុំក៏សូមការយោគយល់អំពីប្រជាពលរដ្ឋរបស់យើង ដែលទោះបីជាបងប្អូនសមត្ថកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាយ៉ាងណាក៏ដោយ ក៏ពេលខ្លះមិនអាចជៀសផុតពីការរំខាន ដល់លំហូរចរាចរណ៍រយៈពេលខ្លីនៅតាមផ្លូវសាធារណៈមួយចំនួននោះទេ»