(កំពង់ធំ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និង ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក ឃុំ ភូមិ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ និង សមាជិក សមាជិកាគណបក្ស សរុបប្រមាណ៧០០នាក់។

ក្រោមបរិយាកាសប្រកបដោយភាពភាពរីករាយ និងស្និទ្ធស្នាល លោករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការ នឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តវេនអនុវត្តគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិពីរាជរដ្ឋាភិបាលមុន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បាននិងកំពុងបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្ដម ប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿន កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដែលជាមូលដ្ឋានដើម្បី ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផល អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំទ្រា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ បានបង្ហាញឱ្យឃើញពីភាពរីកចម្រើនច្បាស់លាស់ និងភាពរឹងមាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ហើយអគារស្នាក់ការគណបក្សថ្មីនេះដើរតួនាទីយ៉ាងសំខាន់ សម្រាប់បម្រើដល់ការងាររបស់មន្ត្រីគណបក្ស កិច្ចប្រជុំ និងការជួបជុំនានារបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋាន។

លោករដ្ឋមន្ត្រីបានសំណូមពរ ដល់ក្រុមការងារសូមបន្តរួបរួមសហការគ្នាជាធ្លុងមួយសាមគ្គីភាពឯកភាពជាតិ ការពារសន្តិភាព និងសូមបន្តចូលរួមឱ្យកាន់តែសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី និងក្រុមការងារគណបក្ស ក៏បានអញ្ជើញចុះពិនិត្យការងារសាងសង់អគារស្នាក់ការគណបក្សស្រុកស្ទោងថ្មី ជំនួសអគារស្នាក់ការគណបក្សចាស់ ដែលមានសភាពទ្រុឌទ្រោមមិនសមរម្យហើយ ដែលពិធីក្រុងពាលី ចាប់ផ្តើមការងារសាងសង់អគារស្នាក់ការបក្សស្រុកថ្មីបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្ទៃដីប្រមាណ២ហិកតា ដែលមានលទ្ធភាពប្រជុំសមាជិកបក្សសរុបចំនួន១០០០នាក់ និងមានទីធ្លាហាត់កីឡា និងសួនច្បារ ដើម្បីសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋអាចចូលលេងកម្សាន្ត។

សូមបញ្ជាក់ថា គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំនីមួយៗ បានកសាងអគារស្នាក់ការបក្សថ្មីបានចំនួន៦ ក្នុងចំណោមស្នាក់ការបក្ស ឃុំសរុបចំនួន ១៣ឃុំ នៃស្រុកស្ទោង និងឃុំដំរីស្លាប់ និងឃុំសានគ នៃស្រុកកំពង់ស្វាយ និងកំពុងបន្តសាងសង់ជាបណ្តើរៗបន្តទៀត។ សមាជិកគណបក្សប្រជាជនកម្ពុជានៅទូទាំងស្រុកស្ទោងមានចំនួន ៥៨,៦៧៥នាក់ ស្រីចំនួន ៣២,១៤៤នាក់ ក្នុងនោះសមាជិកគណបក្ស ឃុំទ្រា មានចំនួន ៥,៤៩៩នាក់, ស្រី ៣,០០៧នាក់ មានក្រុមបក្សចំនួន ៤០២ក្រុម និងមានគ្រួសារបក្សចំនួន ២,២២៩គ្រួសារ៕