(បន្ទាយមានជ័យ)៖ លោក ស៊ុន សម្បត្តិ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូរជ្រៅ តំណាងលោក បោន ប៊ិន សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណៈកម្មការ ខ២៦.២ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូរជ្រៅ នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ និងផ្សព្វផ្សាយស្មារតីសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ ប្រារព្ធធ្វើឡើងនៅនៅភោជនីយដ្ឋាន ប៊ូ សោភ័ណ (ក្រុងប៉ោយប៉ែត)។
កិច្ចប្រជុំផ្សព្វផ្សាយក៏មានការចូលរួមពីសំណាក់ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានសង្កាត់ សមាជិក -សមាជិការបក្សមូលដ្ឋានសង្កាត់អូរជ្រៅ និងភូមិ ជិត២៥០នាក់។
ក្នុងឱកាសនោះលោក ស៊ុន សម្បត្តិ ក៏បានថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាមូលដ្ឋានសង្កាត់អូរជ្រៅ ដែលបានស្មោះស្ម័គ្រ រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក និងតែងតែគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន និងគាំទ្របោះឆ្នោតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាយុវជនបន្តវេន ធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៧។
លោកបន្តថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាយ៉ាងមុះមុតការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កភាពចលាចលបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ, បន្តលើកកម្ពស់ការអនុវត្តពាក្យស្លោក អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!, បំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយចូលរួមថែរក្សា និងការពារ ឱ្យបានដាច់ខាតនូវសុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយបន្តគាំទ្រពេញទំហឹងដល់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធានាការអនុវត្តដោយជោគជ័យនូវកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព មានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល និងមានអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅជំរុញសន្ទះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕