(ក្រចេះ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការជាស្ត្រីជាង២០០នាក់ នាំទេយ្យទាន និងបច្ច័យមួយចំនួនវេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តវិហារធំសរសរ១០០ ស្ថិតនៅឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

ពិធីនេះក៏មានការអះញ្ជើញចូលរួមពីសំណាក់ពីសំណាក់លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋានមួយចំនួនផងដែរ។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកជូនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តវិហារធំសរសរ១០០ និងបានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ បានខិតខំប្រឹងប្រែងណាស់ ក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសបានខិតខំទាក់ទងអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជា ដើម្បីជាប្រយោជន៍លើកកម្ពស់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រយៈពេល២៦ឆ្នាំនៃសន្តិភាពពេញ គឺបានបង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍជាតិ សន្តិភាព គឺជាឱសថទិព្វ សម្រាប់មនុស្សគ្រប់រូប សូមប្រជាពលរដ្ឋទាំងអស់រួមគ្នារក្សាសន្តិភាពនេះឱ្យនៅគង់វង្ស។នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតដោយការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

បន្ថែមពីនេះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានអំពាវនាវចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទក្នុងស្រុកសំបូរនិយាយដោយឡែក និងនិយាយជារួមទូទាំងខេត្តក្រចេះ សូមបន្តការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព សុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍសង្គមជាតិកម្ពុជា ឱ្យកាន់តែសំបូររុងរឿង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងពីសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋខេត្តក្រចេះ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវថ្នល់៤ខ្សែ បានកែប្រែមុខមាត់ខេត្តក្រចេះ និងធ្វើឱ្យជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។ មានផ្លូវ មានស្ពាន មានសង្ឃឹម និងពោរពេញដោយការអភិវឌ្ឍ ត្រឹមខែមករា ឆ្នាំ២០២៥នេះ, ស្ពានឆ្លងកាត់ទន្លេមេគង្គដែលមានប្រវែង ១,៧៦១ម៉ែត្រ ត្រូវបានកសាង ហើយគ្រោងនឹងដាក់ឱ្យឆ្លងបណ្តោះអាសន្ននាចុងឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះការដ្ឋានសាងសង់ផ្លូវ៤ កន្លែងទៀត ក្នុងក្រុងក្រចេះ និងផ្លូវទៅស្រុកសំបូរ ខេត្តក្រចេះក៏នឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះដែរ។ សូមអរគុណសន្តិភាព, សូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា, សូមគោរពអរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្រាប់ទេយ្យទានដែលលោករដ្ឋមន្ត្រី នាំមកប្រគេនដល់ព្រះសង្ឃគង់នៅវត្តវិហារធំសរសរ១០០ រួមមានភេសជ្ជៈ Olatte, មីជាតិ ទឹកត្រី ភេសជ្ជៈ Freshy អង្ករ ត្រីខកំប៉ុង ទឹកសុទ្ធវីតាល់ និងបច្ច័យមួយចំនួនផងដែរ៕