(កំពង់ឆ្នាំង)៖ របាំត្រុដិ និងរបាំឆៃយ៉ាំ ដែលជារបាំប្រពៃណីខ្មែរដ៏មានប្រជាប្រិយភាព កំពុងត្រូវបានអភិរក្សយ៉ាងខ្លាំង ដោយភាគីពាក់ព័ន្ធនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជាក់ស្តែង នាថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបង្រៀនរបាំត្រុដិ និងរបាំឆៃយ៉ាំ នៅស្រុកកំពង់ត្រឡាច ដោយមានការអញ្ជើញចូលរួមពី លោក ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក គុជ សម្ភស្ស នាយករងសាលាមធ្យមវិចិត្រសិល្បៈ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង លោក ហ៊ុល ច័ន្ទថូ ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច ព្រមទាំងលោកគ្រូ អ្នកគ្រូមកពីសាលាមធ្យមវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។

វគ្គបង្រៀននេះផងដែរ ក៏មានសិស្សានុសិស្សចូលរួមសរុបចំនួន ៩៩ នាក់ ស្រីចំនួន ៦១នាក់ដែលមកពីវិទ្យាល័យចំនួន ៣ រួមមាន៖ វិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ព្រះបាទបរមនាថ នរោត្ដមសីហមុនី និងវិទ្យាល័យសម្តេចអគ្គធម្មពោធិសាលជា ស៊ីម កំពង់ត្រឡាច។

ថ្លែងក្នុងពិធីបើកវគ្គបង្រៀននេះដែរ លោកបណ្ឌិត ហ៊ឺ វីរៈ បានលើកឡើងថា ការរៀបចំវគ្គបង្រៀន របាំត្រុដិ និងរបាំឆៃយ៉ាំនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជន យុវនារី និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលមានគោលបំណងចង់ចេះ និងសិក្សាស្វែងយល់ពីសិល្បៈរបាំ ប្រពៃណីខ្មែរ ហើយក៏ជាឱកាសសម្រាប់ឱ្យយុវជនទាំងអស់បានចូលរួមក្នុងការអភិរក្សសិល្បៈវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដែលជាអត្តសញ្ញាណដ៏ផូរផង់របស់ជាតិ។ លោកបណ្ឌិត បានបន្ថែមថា ស្រុកកំពង់ត្រឡាចពិតជាមានភ័ព្វសំណាងណាស់ ដែលមានលោកគ្រូ អ្នកគ្រូអញ្ជើញពីថ្នាក់ជាតិចុះមកបង្រៀនផ្ទាល់ដល់ក្មួយៗសិស្សានុសិស្ស ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីទម្រង់របាំត្រុដិ និងរបាំឆៃយ៉ាំ។

លោកក៏បានអំពាវនាវដល់ស្ថាប័ន-អង្គភាព ក្រុមហ៊ុនឯកជននានា និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់ត្រឡាច និងស្រុកនានាជាប់ភូមិសាស្ត្រស្រុកកំពង់ត្រឡាច ដែលមានបំណងចង់បានក្រុមរបាំត្រុដិរាំពេលចូលឆ្នាំថ្មីនាពេលខាងមុខនេះ អាចទំនាក់ទំនងមកកាន់ទូរសព្ទ លោក កឹង ជុំ តាមរយៈ 078 240 808 ។

សូមបញ្ជាក់ជូនផងដែរថា របាំត្រុដិ ជារបាំប្រពៃណីខ្មែរមួយប្រភេទ ដែលប្រជាពលរដ្ឋតែងតែនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ផ្តាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ការិយាល័យផ្សេងៗជាដើម និងឱកាសប្រារព្ធកិច្ចបណ្តេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន។

រីឯរបាំឆៃយ៉ាំ ជាទម្រង់សិល្បៈដែលមានប្រជាប្រិយភាព និងភាពរស់រវើកអាចទាក់ទាញអារម្មណ៍អ្នកមើល និង ស្តាប់ឱ្យរំភើបបាន។ វង់តន្ត្រីឆៃយ៉ាំ មិនមានលេងជាសាច់ភ្លេងដែលមានបទបែបជាចម្រៀងនោះទេ។ នៅតាមជនបទស្រុកស្រែចម្ការ ជាពិសេសនៅក្រោយរដូវច្រូតកាត់រួច ប្រជាពលរដ្ឋខ្មែរយើងតែងតែរៀបចំប្រារព្ធពិធី បុណ្យទានផ្សេងៗជាទីរីករាយ មានដូចជាបុណ្យផ្កា បុណ្យកថិន និងបុណ្យបំបួសនាគជាដើម៕