(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ញួង មករា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណី បាត់ទ្វារឈើចំនួន០៣សន្លឹក កាលពីវេលាម៉ោង០៤៖០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចក្លឹបកម្សាន្ត TNL ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះទៅដល់ទីតាំងកើតហេតុ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១៨៖១៥នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ចាន់ គង់ (ហៅដូច) ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុតាង ទ្វារឈើចំនួន០៣សន្លឹក, ម៉ូតូកង់បី ម៉ាកវេវ ពណណ៌ក្រហម (គ្មានផ្លាកលេខ) ចំនួន០១គ្រឿង, ស្រោមសំបុត្រ ពណ៌ស បិតជិត មានស្នាមផ្តិតម្រាមដៃឈ្មោះ ចាន់ គង់ ចំនួន០១។
ក្រោយឃាត់ខ្លួនកម្លាំងបានធ្វើតេស្តទឹកនោមជនសង្ស័យខាងលើ ពិនិត្យឃើញមានសារធាតុញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតីវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទ្វារបស់ជនរងគ្រោះពិតប្រាកដមែន។
កងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕