(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន។
លោកថ្លែងបែបនេះ នៅព្រឹកនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ពេលចុះសួរសុខទុក្ខពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែនទិសរតនគិរី ក្នុងភូមិសាស្រ្ត ស្រុកអណ្តូងមាស ដែលកំពុងស្ថាបនាដោយ កងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
នៅក្នុងឱកាសនេះ លោក ញ៉ែម សំអឿន កោតសរសើរចំពោះ មេបញ្ជាការ- មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន កងឯកភាព នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដែលក្នុងរយៈពេលកន្លងមកនេះ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ គ្រោះថ្នាក់ ការលំបាកនិងធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រ ខេត្តរតនគិរី ដែលរហូត
មកដល់ថ្ងៃនេះ គឺសម្រេចបានលទ្ធផលយ៉ាងច្រើន។
លោកបន្តថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយសម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំពីម្លប់សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបានបន្តអនុវត្តនយោបាយកសាងព្រំដែនដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ «កសាងខ្សែព្រំដែនជាប់ជាមួយ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍ ប្រកបដោយចីរភាព»។
ជាមួយគ្នានេះផងដែរលោក ញ៉ែម សំអឿនបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគជូនដល់
កងកម្លាំងវិស្វកម្ម អគ្គបញ្ជាការផងដែរ៕