Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ថ្លែងអំណរគុណ ឯកឧត្តម អ៊ុច បូររិទ្ធ ដែលផ្ញើលិខិតជូនពរសម្តេច ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា

09-03-2025 13:33

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើលិខិតថ្លែងអំណរគុណ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលផ្ញើបានលិខិតជូនពរសម្តេច ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៥។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ថា «ខ្ញុំពិតជាមានបីតិសោមនស្សរីករាយក្នុងចិត្តឥតឧបមា ដោយទទួលបាននូវសារលិខិតជូនពររបស់ ឯកឧត្តម និងលោកជំទាវ ព្រមទាំង សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យដល់រូបខ្ញុំ ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»

ឆ្លៀតក្នុងវរោកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តមនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សន្តានចិត្តដ៏ប្រពៃ និងការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលតែងតែលើកទឹកចិត្ត និងគាំទ្រដល់ភាពជាអ្នកដឹកនាំរបស់ខ្ញុំ។ ពាក្យពេចន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅទាំងអស់នេះ គឺពិតជាបានផ្តល់នូវមហាកិត្តិយស និងការលើកកម្ពស់គុណតម្លៃស្ត្រី និងតួនាទីស្ត្រីក្នុងសង្គមជាតិ ដែលជំរុញលើក ទឹកចិត្តដល់ស្ត្រីគ្រប់រូប ក៏ដូចជារូបខ្ញុំផ្ទាល់ ដែលបានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការដឹកនាំរដ្ឋសភា នាំមកនូវការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនិងអភិបាលកិច្ច ស្ថាប័នរដ្ឋសភា សំដៅសម្រេចបាននូវសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា សម្បូរសប្បាយរុងរឿងជូនសង្គមជាតិទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំ បីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ និងសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕