(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង ៥,០០០ ម៉ែត្រ និងសមិទ្ធផលនានា ក្នុងវត្តព្រះវិហារ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដែលចំណាយថវិកាសាងសង់ជាង ១លាន ៣សែនដុល្លារ។

ស្ថិតនៅក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ហើយដឹងថា ក្រៅពីផ្លូវក្រាលកៅស៊ូមួយខ្សែ ដែលមានប្រវែង ៥,៥០០ ម៉ែត្រ ពីទីប្រជុំជន ឃុំតាំងក្រសាំង ភ្ជាប់ទៅវត្តភ្នំព្រះវិហារ និងភូមិក្រដាស-ក ភូមិក្រដាស-ខ នៅមានសមិទ្ធផល១៥មុខទៀត ចំណាយថវិកាសាងសង់សរុបប្រមាណជា ១កាន ៣សែន ដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងថ្ងៃនេះ។

លោកអភិបាលខេត្ត ក៏បានយកឱកាសនោះពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្ដេចតែងតែមានការគិតគូរ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋមិនថានៅទីជិត ឬឆ្ងាយឡើយ។

លោកអភិបាលខេត្តបានថ្លែងទៀតថា ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព មានមេដឹកនាំដ៏ត្រឹមត្រូវ ធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនក្នុងសហគមន៍ ក្នុងសង្គមជាតិ ពិតជាបានបោះជំហានយ៉ាងលឿន ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងមានសេចក្តីសោមនស្សរីករាយ និងជីវភាពធូរធារ។

ជាមួយគ្នានេះ ក៏ជាឱកាសឲ្យបងប្អូនប្រជាពលរដ្ឋយើងមានលទ្ធភាព ក្នុងការចូលរួមជាបច្ច័យដើម្បីកសាង នូវសមិទ្ធផលនានា តាមទីវត្តអារាម ធ្វើឱ្យទីវត្តអារាមមានការរីកចម្រើន និងអភិវឌ្ឍទៅមុខជាលំដាប់ ពោលគឺ វិស័យពុទ្ធចក្រនិងវិស័យអាណាចក្រមានការអភិវឌ្ឍន៍រីកចម្រើនព្រមជាមួយគ្នា៕