(ញូវយ៉ក, អាមេរិក)៖ ដោយទទួលបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី, លោកនាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានដឹកនាំប្រតិភូតំណាងកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំលើកទី៣ នៃរដ្ឋភាគីសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ។

កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបប្រមាណជាង ៥០០នាក់ ពីប្រទេសសមាជិកចំនួន៩៤ ក្នុងនោះ ៧៣ប្រទេសជារដ្ឋភាគី មកពីតំបន់អាស៊ី អាហ្វ្រិក សហភាពអឺរ៉ុប អាមេរិកឡាទីន ការ៉ីប៊ៀន និងអូសេអានី និងមានប្រមាណ ១៦៣ ពីស្ថាប័ន និងអង្គការអន្តរជាតិផ្សេងទៀត ដែលពាក់ព័ន្ធនឹងអាវុធមហាប្រល័យ។

ក្នុងកំឡុងកិច្ចប្រជុំ លោក នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ក៏ត្រូវបានជ្រើសតាំងជាអនុប្រធានអង្គប្រជុំ ដើម្បីចូលរួមដឹកនាំកិច្ចប្រជុំលើកទី៣ នៃរដ្ឋភាគីសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរផងដែរ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំ លោក ក៏បានចូលរួមថ្លែងនូវសេចក្តីថ្លែងការណ៍គន្លឹះ ចំនួន២ រួមមាន៖

* ស្តីពី ការកាត់បន្ថយហានីភ័យ ការហាមឃាត់ក្នុងការផលិត ការប្រើប្រាស់ ការសាកល្បង និងឈានដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ស្របតាមសន្ធិសញ្ញា TPNW។

* ស្តីពី ការលើកកម្រឹត TPNW ទៅជាសកលភាវូបនីយកម្ម តាមរយៈការលើកទឹកចិត្តឱ្យចូលរួមជាមួយ TPNW ចំពោះរដ្ឋដែលមិនទាន់បានចូលរួម។ ការលើកកម្ពស់ការយល់ដឹង អំពីផលមហន្តរាយនៃអាវុធនុយក្លេអ៊ែរ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីកសាងទំនុកចិត្តដល់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នាពេលអនាគត។

ក្រៅពីនេះ លោក ក៏បានជួបប្រជុំទ្វេភាគីជាមួយ លោក Mauro Miedico នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្ម នៃការិយាល័យប្រឆាំងភេរវកម្ម របស់អង្គការសហប្រជាជាតិ និងសហការី ដើម្បីពិភាក្សាអំពីកិច្ចការងារបន្តមួយចំនួន ជាពិសេសលើ កិច្ចការដែលពាក់ព័ន្ធនឹងការកសាងសមត្ថភាព ជូនព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។

កិច្ចប្រជុំនេះបានដំណើរការដោយរលូន និងជោគជ័យដោយបានអនុម័តជាឯកច្ឆន្ទនូវឯកសារមួយចំនួនដូចជា សេចក្តីសម្រេចចិត្ត របាយការណ៍ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។ ចំពោះទិសដៅបន្ត នឹងមានការរៀបចំប្រជុំឡើងវិញ នៅចុងឆ្នាំ២០២៦ ដោយមានតំណាងពីប្រទេសអាហ្វ្រិកខាងត្បូង ជាប្រធាន ដែលនឹងដំណើរការនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ៕