(ភ្នំពេញ)៖ ក្រោមកិច្ចសហការប្រតិបត្ដិការយូរអង្វែងរវាងកម្ពុជា-ជប៉ុន, មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យ Nagoya Kyoritsu នៃប្រទេសជប៉ុន បានរៀបចំបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី ការព្យាបាលវះកាត់ឆ្អឹងកង ក លើកទី៨ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
ពិធីនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាទីប្រឹក្សាក្រសួងសុខាភិបាល, លោកវេជ្ជបណ្ឌិត Yasutsugu Yukawa Director of Spine Center, Nagoya Kyoritsu Hospital From Japan, លោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ ប្រធានសមាគមវះកាត់ប្រព័ន្ធប្រសាទកម្ពុជា និងមានការអញ្ជើញពីគ្រូពេទ្យឯកទេសជាច្រើនរូបទៀត ដែលមកពីបណ្ដាមន្ទីរពេទ្យផ្សេងៗ។
លោកសាស្រ្តាចារ្យ ងី ម៉េង បានថ្លែងថា ក្រោមកិច្ចសហការជាមួយជប៉ុន គឺគ្រូពេទ្យកម្ពុជាយើង ក្រៅពីបណ្ដុះបណ្ដាលនៅក្នុងស្រុក ដៃគូសហការរបស់យើងនេះ ក៏បានបញ្ជូនគ្រូពេទ្យយើងទៅបណ្ដុះបណ្ដាលដោយផ្ទាល់នៅប្រទេសជប៉ុនផងដែរ។ ស្របពេលដែលយើងកំពុងអភិវឌ្ឍខ្លួន សមាគមវះកាត់ប្រព័ន្ធប្រសាទកម្ពុជា នឹងចុះកិច្ចអនុស្សរណៈយោគយល់គ្នាជាមួយភាគីជប៉ុន ដើម្បីបន្ដកិច្ចសហប្រតិបត្ដិការបន្ដទៀត ក្នុងគោលបំណងជួយបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍។
លោកសាស្ដ្រាចារ្យក៏បានបញ្ជាក់ទៀតថា «បន្ទាប់ពីបានពង្រឹងសមត្ថភាពលើឯកទេសនេះ បានសង្កេតឃើញថា ការផ្ដល់សេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋ ក៏កាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេល។ សម្រាប់នៅក្នុងឆ្នាំ២០២៤កន្លងទៅ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបម្រើសេវាព្យាបាល និងវះកាត់ប្រព័ន្ធប្រសាទ ដូចជាឆ្អឹងកង ក និងខ្នង សរុបប្រមាណ ១,៨០០នាក់»។
លោកសាស្រ្តាចារ្យ ងី ម៉េង បានបន្តថា «អ្នកជំងឺ ដែលមកព្យាបាលនៅផ្នែកប្រព័ន្ធប្រសាទនេះ គឺមានវ័យចាប់ពី១៨ឆ្នាំឡើង រហូតដល់ជាង៨០ឆ្នាំ ហើយអ្នកជំងឺទាំងនោះ ភាគច្រើន គឺបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិច និងគៀបសសៃនៅត្រង់ចំនុចឆ្អឹងកង ក និងមានអ្នកជំងឺជាច្រើន ដែលមានបញ្ហានៅឆ្អឹងកងចង្កេះ ដុំសាច់ ឬក៏មហារីកខួរឆ្អឹងជាដើម។ ជំងឺទាំងអស់នេះ គឺអាចឈានដល់ការបាត់បង់ជីវិត ប៉ុន្តែរឿងដែលសំខាន់ទៀតនោះ អ្នកជំងឺមួយចំនួនធំ អាចប្រឈមនឹងការពិការភាព ដែលធ្វើឲ្យប៉ះពាល់ដល់គ្រួសារ និងសង្គម ជាកត្តាប្រឈម»។
ដូច្នេះវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ សម្រាប់ពង្រឹង និងពង្រីក សមត្ថភាព ស្មារតី និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថាការបម្រើសេវាសុខាភិបាលឱ្យកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនប្រជាជនកម្ពុជាយើង។ ការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ ងី ម៉េង។
ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត Yasutsugu Yukawa ក៏បានប្ដេជ្ញាចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា តាមរយៈចែករំលែកបទពិសោធន៍ ហើយលោកវេជ្ជបណ្ឌិត ក៏រៀនសូត្រពីកម្ពុជាវិញផងដែរ ដែលជាប្រទេសកំពុងអភិវឌ្ឍន៍។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ ប្រធានសមាគមវះកាត់ប្រព័ន្ធប្រសាទកម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានបទបង្ហាញពីក្រុមគ្រូពេទ្យផ្នែកវះកាត់ឆ្អឹងកង ក កម្ពុជា និងក្រុមគ្រូពេទ្យផ្នែកវះកាត់ឆ្អឹងកង ក ជប៉ុន ទាំងអស់មានចំនួន១៣ប្រធានបទ សម្រាប់ពេលព្រឹក និងពេលរសៀល ក្រុមគ្រូពេទ្យនៃប្រទេសទាំងពីរ អនុវត្តន៍ជាក់ស្តែង ទៅលើម៉ូដែល ដែលជាឆ្អឹងកង ក ជ័រ ដោយយកម៉ាស៊ីន ខាត់ឆ្អឹង មកខាត់សាកល្បង លើឆ្អឹងកង ក ព្រមទាំងបាញ់វីស ចូលទៅក្នុងម៉ូដែលនេះផងដែរ៕