(ពោធិ៍សាត់)៖ លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា ទទួលបន្ទុកប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បានចូលរួមជាអធិបតីក្នុងទិវាអន្តរជាតិ កាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ក្រោមប្រធានបទ «រស់នៅដើម្បីប្រាប់ថា៖ ការលើកកម្ពស់ការយល់ដឹង អំពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ការកាត់បន្ថយការស្លាប់ដោយគ្រោះមហន្តរាយ»។
ទិវានេះត្រូវបានប្រារព្ធឡើង នៅបរិវេណដីវាល ខាងកើតទំនប់ហុងចារឹក ស្ថិតក្នុងភូមិបឹងឈូក ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមវត្តមាន លោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសាខា លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា អស់លោក លោកស្រី ក្នុងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ព្រមទាំងយុវជនស្ម័គ្រចិត្ត ជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងការស្វាគមន៍ និងជម្រាបជូនអំពីសកម្មភាពការងារមនុស្សធម៌ ជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ នៅក្នុងខេត្តនោះរួចមក លោក អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បានថ្លែងថា ទិវាអន្តរជាតិកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ដែលបានប្រារព្ធនាពេលនេះ គឺជាការបញ្រ្ជាបបានកាន់តែច្បាស់ ពីចំណេះដឹងសម្រាប់ជីវិតជាសារវន្ត ផលពីប៉ះពាល់ដែលបង្កឡើងដោយគ្រោះធម្មជាតិ និងដោយកត្តាមនុស្ស ជាពិសេសការបម្រែបម្រួលអាកាសធាតុ។
លោកទេសរដ្ឋមន្ដ្រី បានថ្លែងទៀតថា កាកបាទក្រហមកម្ពុជា ស្ថិតក្រោមការដឹកនាំ របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តោតការយកចិត្តទុកដាក់ គិតគូជួយឧបត្ថម្ភស្បៀងអាហារ និងសម្ភារជានិច្ច ទៅដល់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ ដោយទឹកចិត្តព្រហ្មវិហារធម៌ មនុស្សធម៌ ដ៏ត្រជាក់ត្រជុំ គ្រប់ទីកន្លែង និងទាន់ពេលវេលា។
លោក បញ្ជាក់ថា ហានិភ័យដែលកើតមានកន្លងមក នៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅលើពិភពលោក បង្កដោយធម្មជាតិ មនុស្ស និងដោយការសឹករិចរិលនៃបរិស្ថាន រមែងមានឡើង និងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់មូលដ្ឋាន សហគមន៍ ជាពិសេសជនដែលងាយរងគ្រោះ គឺជារឿងមួយដែលរដ្ឋ ជាសមាជិកក្នុងពិភពលោក ត្រូវតែយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយផលប៉ះពាល់មិនឲ្យកើតមាន។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បានក្រើនរំលឹក និងផ្តាំផ្ញើទៅដល់សមាជិក សមាជិកា អង្គពិធីទាំងមូលថា ផ្អែកតាមចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ជាមូលដ្ឋាន គប្បីលើកកម្ពស់ ផ្ទេរការយល់ដឹងចូលជ្រៅ ទៅក្នុងស្រទាប់មហាជន ហើយត្រូវចងចាំថា ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ថ្នាក់សហគមន៍ គឺជាការតព្វកិច្ចពីបុគ្គលម្នាក់ គ្រួសារមួយទៅគ្រួសារមួយ រួមគ្នាធ្វើដោយមិនមានការរើសអើង។ ត្រូវចាត់ទុក្ខថា គ្រោះមហន្តរាយមិនចោលយើងនោះទេ ហើយក៏ជាក្តីកង្វល់របស់យើងទាំងអស់គ្នា ដូច្នេះត្រូវមានផែនការសកម្មភាពត្រៀមបម្រុង ធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា មានប្រសិទ្ធិភាពព ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហម៕