(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត បានថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លានេះ ទូលបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតថ្វាយនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះអង្គដែលបានលះបង់ ពេលវេលាដ៏មានតម្លៃ ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំសិក្សាធិការ សុខុមាលភាព សង្គមកិច្ច វប្បធម៌ និងវិស័យព្រះពុទ្ធសាសនា ឱ្យទទួលបាននូវវឌ្ឍនភាព វិបុលភាព សុខដុមរមនាជាភិយ្យោភាព គ្រប់វិស័យ។

ជាពិសេសព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យគង់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មបំផុតក្នុងការ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានុរាស្ត្រ និងលើកតម្កើងសមភាពយេនឌ័រ ពង្រឹងតួនាទីរបស់ស្ត្រី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត ទូលបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាមហាស្វេតច្ឆត្រ នៃព្រះរាជាណាចក្រកម្ពុជា បុណ្យបារមីនៃដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេស ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំប្រទានសព្ទសា ធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕