(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត»។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅវិមាន៧មករា  ទីស្នាក់ការកណ្តាលគណបក្ស ដោយមានវត្តមានចូលរួមពីសំណាក់លោក លោកស្រី ជាសិក្ខាកាមចំនួន៤៦នាក់។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រៀបចំវគ្គដោយលោក ណេប សាមុត ប្រធានលេខាធិការដ្ឋានក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារមហាជន, លោក ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានទទួលការអញ្ជើញមកចូលរួមវគ្គបណ្តុះបណ្តាលនេះ។

ព្រមជាមួយគ្នានេះ លោកក៏បាននាំយកការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនានៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ានី បានបន្តថា គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល ត្រូវបានបង្កើតឡើងក្នុងមហាសន្និបាតទូទាំងប្រទេសរបស់គណបក្សនាថ្ងៃទី៣០-៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីអនុវត្តការងាណែនាំ ដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជន ក្នុងស្រទាប់យុវជន ស្រ្តី កម្មករនិយោជិក និងអង្គការសមាគមនានា។

លោកបានសង្កត់ធ្ងន់ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលជនបង្គោលថ្ងៃនេះគឺជាជំហានមួយដើម្បីលើកកម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្ស ដែលឆ្លើយតបទៅកាន់សំណូមពររបស់គណៈចលនាមហាជនរាជធានី-ខេត្តផងដែរ ជាពិសេសគឺអនុវត្តតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងសន្និបាតគណៈមហាជនកាលពី ថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។

បន្ថែមលើសពីទៅទៀត លោកបានលើកឡើងថា ការងារអប់រំមន្ត្រីគណបក្ស គឺជាការងារមួយដែលមានសារៈសំខាន់ ដែលត្រូវអនុវត្តជាប្រចាំ ព្រោះជាយន្តការមិនអាចខ្វះបាននូវការធានាបំពាក់បំប៉នស្មារតីការយល់ដឹងមន្ត្រីគណបក្ស ត្រូវតែមានគោលជំហរតែមួយរួមគ្នាលើកទិដ្ឋភាពខ្លឹមសារ សារ ទស្សនៈនយោបាយព្រមទាំងរបៀបរបបការងារពីថ្នាក់កណ្ដាល រហូតដល់មូលដ្ឋានសំដៅធ្វើសកម្មភាពការងារប្រកបដោយភាពស៊ីចង្វាក់ ស្រុះដៃ និងប្រទាក់ក្រឡាគ្នា នៃគ្រប់យន្តការ ក្នុងរចនាសម្ព័ន្ធបក្ស។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់សារជាថ្មីនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «ទំនុកចិត្តរបស់ប្រជាពលរដ្ឋត្រូវធ្វើឡើងជាប្រចាំ ហើយទាមទារពេលវេលា» ជាការផ្តាំផ្ញើដល់សិក្ខាកាមដែលជាមន្រ្តីគណបក្សទទួលបន្ទុកការងារចលនាមហាជន ត្រូវប្រកាន់ខ្ជាប់ក្នុងការបំពេញភារកិច្ចការងារជូនគណបក្ស។

សូមបញ្ជាក់ថា នេះជាជុំទី១ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើការងារមហាជន ដែលសិក្ខាកាមអញ្ជើញមកពីខេត្ត តាមតំបន់ឆ្នេរ រួមមាន៖ ខេត្តព្រះសីហនុ កោះកុង កំពត កែប តាកែវ និងកំពង់ស្ពឺ ស្មើនឹងចំនួនសិក្ខាកាម សរុប៤៦នាក់៕