(ភ្នំពេញ)៖ ការប្រកួតគំនូរ និងស្នាដៃស្ត្រី (Dream Girls Design Contest) ត្រូវបានរៀបចំនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ដោយអ្នករៀបចំ គឺអ្នកស្រី WaKana Nukui ម្ចាស់ក្រុមហ៊ុន Blooming Life និង អ្នកនាង ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ។

អ្នកស្រី WaKana Nukui ម្ចាស់កម្មវិធីការប្រកួតគំនូរ និងស្នាដៃស្ត្រីក្នុងឆ្នាំ២០០៩ បានមើលឃើញថា នៅប្រទេសកម្ពុជាខ្វះខាតអ្នកជំនាញផ្នែករចនា។ ខណៈពេលនោះ អ្នកស្រីបានទទួលអារម្មណ៍រីករាយ ដោយស្នាមញញឹមរបស់ជនជាតិខ្មែរ និងប្រាសាទអង្គរវត្ត ធ្វើឲ្យអ្នកស្រីចង់បង្កើតឱកាសដល់ក្មេងស្រីៗ នៅប្រទេសកម្ពុជាមានជីវភាពប្រសើរឡើង។

ជំនាញរចនា គឺជាជំនាញសំខាន់មួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។ ដើម្បីចូលរួមការងារនេះ អ្នកស្រីបានរៀបចំការប្រកួតគំនូរនិងស្នាដៃស្ត្រីតាំងពីឆ្នាំ២០១១ ហើយកម្មវិធីនេះបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ក្នុងការជំរុញឲ្យក្មេងៗមានភាពក្លាហាន និងសម្រេចនូវក្តីសុបិនរបស់ខ្លួន។

អ្នកនាង ហ៊ាង វត្តី ដែលជាអតីតម្ចាស់ជ័យលាភីមួយរូប ក្នុងកម្មវិធីប្រកួតនេះព្រមទាំងជាសហរៀបចំកម្មវីធី បានសម្រេចនូវក្តីសុបិនរបស់ខ្លួន គឺបើកក្រុមហ៊ុនរចនាក្នុងឆ្នាំ២០១៦។ ទន្ទឹមនឹងនេះបេក្ខនារីជាច្រើន ក៏ទទួលបានស្នាដៃ និងពានរង្វាន់កំរិតអន្តរជាតិ និងចាប់យកអាជីពរចនានេះ។

អ្វីដែលគួរឲកត់សម្គាល់ ការប្រកួតគំនូរនិងស្នាដៃស្ត្រី ជំនាន់ទី១២ ក្នុងឆ្នាំ២០២៥នេះ រកឃើញម្ចាស់ពានរង្វាន់ចំនួន ២៩នាក់ ដូចជាពានរង្វាន់លេខ ១ ចំនួន ១នាក់ ពានរង្វាន់លេខ ២ ចំនួន ១នាក់ ពានរង្វាន់លេខ ៣ចំនួន ១នាក់ រង្វាន់La Corbeilleចំនួន ១ នាក់ រង្វាន់យ៉ាម៉ាដា សាលាវិចិត្រសិល្បៈចំនួន ៥នាក់រង្វាន់កិត្តិយសចំនួន ៨ នាក់ រង្វាន់រៀលថាយហ្គើរចំនួន ១០ នាក់ រង្វាន់ពិសេសចំនួន ១ នាក់ និងរង្វាន់ការប្រកួតប្រជែងចំនួន ១ នាក់។

ក្នុងចំណោមស្មាដៃគំនូររបស់បេក្ខនារីជាច្រើនរូប ដែលបានចូលរួមប្រកួត ស្មាដៃគំនូរដែលរចនាដោយយុវតី ភាព វណ្ណេប្រានីកា ជាម្ចាស់ជ័យលាភីលេខ ១ ទទួលបានពានរង្វាន់មួយ អមជាមួយទឹកប្រាក់ចំនួន ១០០០ដុល្លារ។ យុវតី សឿង សដានាថ ជាម្ចាស់ជ័យលាភីលេខ២ ទទួលបានពានរង្វាន់១ អមជាមួយទឹកប្រាក់ ៥០០ដុល្លារ និងយុវតី សន សុជាតា ជាម្ចាស់ជ័យលាភីលេខ ៣ ទទួលបានពានរង្វាន់មួយ អមជាមួយទឹកប្រាក់ ៣០០ ដុល្លារ។

ជាមួយគ្នានេះ យុវតីខ្មែរជាច្រើនរូបផ្សេងទៀត ក៏បានទទួលជោគជ័យ តាមរយៈការប្រកួតគំនូរ និងស្នាដៃស្រ្តីផងដែរ។ ដោយស្នាដៃរបស់ពួកគេត្រូវបានទទួលស្គាល់ និងប្រើប្រាស់ក្នុងហាង Amazing Cambodia ទាំង៧ ដែលមានទីតាំងនៅផ្សារទំនើប AEON និងអាកាសយានដ្ឋានអន្តរជាតិផងដែរ៕