(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបើកកិច្ចប្រជុំប្រឹក្សាពិគ្រោះយោបល់ជាមួយស្ថាប័នដៃគូ លើផែនការយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់សមាគម។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញមកពីវិស័យសំខាន់ៗ រួមមានវិស័យហិរញ្ញវត្ថុ វិស័យអប់រំ វិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ព្រមទាំងភ្នាក់ងារពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីធ្វើបច្ចុប្បន្នភាពផែនការ និងគម្រោងនានាក្នុងឆ្នាំ២០២៥ ប្រមូលធាតុចូលសំខាន់ៗពីស្ថាប័នដៃគូពាក់ព័ន្ធទាំងអស់ និងពិនិត្យមើល ព្រមទាំងកែសម្រួលទិសដៅយុទ្ធសាស្ត្រសមាគមឆ្នាំ ២០២៦-២០៣០ដោយផ្អែកតាមក្របខ័ណ្ឌអាស៊ាន និងនិន្នាការសកល ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ការប្រមូលធាតុចូលពីស្ថាប័នដៃគូពាក់ព័ន្ធ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីអាចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ឆ្នាំ ២០៣០ របស់សមាគម និងដែលឆ្លុះបញ្ចាំងពីការឆ្លើយតបត្រឹមត្រូវ ជាក់លាក់ ចំគោលដៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រិនកម្ពុជា ឈានទៅរកការទទួលបាននូវប្រសិទ្ធភាពខ្ពស់ពីការអនុវត្តផែនការសកម្មភាពជាក់ស្ដែងនៅក្នុងឆ្នាំបន្តបន្ទាប់។
ការប្រមូលផ្តុំមតិយោបល់ពីគ្រប់ភាគី រួមមានគ្រឹះស្ថានហិរញ្ញវត្ថុ សមាគមធុរកិច្ច អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ដៃគូឧបត្ថម្ភ គ្រឹះស្ថានអប់រំ និងស្ថាប័នរដ្ឋសំខាន់ៗ បានធ្វើឱ្យការជជែកពិភាក្សាប្រពឹត្តទៅដោយសកម្ម និងផលិតភាពខ្ពស់ ពោលគឺធ្វើយ៉ាងណាដើម្បីសម្រេចបាននូវគោលដៅរួមមួយ គឺការជំរុញកម្ពុជាឱ្យមានការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរីកចម្រើនយ៉ាងលឿនរហ័ស និងក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០។
នៅក្នុងកិច្ចពិភាក្សានេះផងដែរ សមាគមបានលើកឡើងនូវសំណួរសំខាន់ៗជាច្រើន ជូនដល់ស្ថាប័នដៃគូដែលបានចូលរួម ដោយក្នុងនោះមានដូចជា ថាតើស្ថាប័នដៃគូទាំងអស់មានចក្ខុវិស័យ និងទស្សនៈ មើលឃើញពីដំណើរវិវត្តន៍របស់សហគ្រាសធុនមីក្រូ តូចនិងមធ្យមនៅកម្ពុជា នឹងប្រែប្រួលទៅជាយ៉ាងណា ក្នុងរយៈពេល ៥ ឆ្នាំទៅខាងមុខដោយពិនិត្យមើលលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល និងភាពប្រកួតប្រជែងសកល ហើយថាតើសហគ្រាសទាំងអស់នោះ នឹងត្រូវត្រៀមខ្លួនបែបណាដើម្បីអភិវឌ្ឍខ្លួនឱ្យបានទាន់បម្រែបម្រួលនៅក្នុងប្រព័ន្ធអេកូសេដ្ឋកិច្ចក្នុងស្រុក និងអន្តរជាតិដ៏ស្មុគស្មាញនេះ៕