(ព្រះសីហនុ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងជម្រុញការលើកទឹកចិត្តទៅលើវិស័យកសិកម្មនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលផ្គត់ផ្គង់បន្លែ និងផ្លែឈើ «ហ័រ ណុង ហ៊ុយ អេកូឡូជីខល ឯ.ក» ដែលមានផ្ទៃដីប្រមាណជាង៣ហិកតា នៅឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ក្រោយទស្សនកិច្ចមើលផលដំណាំជាច្រើនប្រភេទ ដែលកំពុងមានការលូតលាស់បានយ៉ាងល្អ ក្រោមការខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលផ្គត់ផ្គង់បន្លែ និងផ្លែឈើរួចមក លោក ម៉ាង ស៊ីណេត បានថ្លែងអំណរគុណដល់ម្ចាស់ ដែលបានជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោះទុនវិនិយោគជាង៣លានដុល្លាលើដំណាំបន្លែផ្លែឈើធម្មជាតិមួយនេះ។

អភិបាលខេត្ត បានធ្វើការគាំទ្រឲ្យមជ្ឈមណ្ឌពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីកំណើនការងារជូនប្រជាពលរដ្ឋក្នុងខេត្ត ហើយរដ្ឋបាលខេត្ត និងរង់ចាំជួយសម្របសម្រួលបញ្ហាប្រឈមនានានៅក្នុងកសិដ្ឋានគ្រប់ពេលវេលា ព្រមទាំងបានសូមជូនពរឱ្យកសិដ្ឋានដំណើរការដាំដុះបន្លែផ្លែឈើធម្មជាតិប្រកបដោយផ្លែផ្កាល្អបន្ថែមទៀតនៅពេលខាងមុខ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ម្ចាស់មជ្ឈមណ្ឌលពិតជាចាប់អារម្មណ៍ខ្លាំងលើការអំណោយផលក្នុងការដាំដុះដែលផ្ទុយពីបណ្តាប្រទេសមួយចំនួន មានអាកាសធាតុក្តៅពេក និងត្រជាក់ពេកធ្វើឲ្យការដាំផ្លែទំពាំងបាយជូរ ម្ទេស ប៉េងប៉ោះ ខាត់ណាស្រួយ ផ្ទី កាឆាយ ដើមជន្លង់ ត្រសក់ ចិញ្ចឹមត្រី និងដំណាំរួមផ្សំមួយចំនួនទៀតពិបាកថែរទាំ ហើយជំហ៊ានទីមួយរបស់មជ្ឈមណ្ឌលបានចំណាយទុកប្រមាណជាង ៣លានដុល្លា ថែមទាំងបានផ្តល់ឱកាសការងារ និងបទពិសោធន៍ល្អៗដល់បងប្អូនពលរដ្ឋខ្មែរផងដែរ។

ចំណែកឯការដាំដុះ គឺផ្តោតសំខាន់លើគុណភាពគ្មានជាតិគីមី ពោលគឺការរៀបចំដីដីវិញធ្វើដោយខ្លួនឯង និងមានធាតុផ្សំផ្តើមចេញពីលាមួកសត្វ និងអង្កាមយកលាយផ្អាប់ជាការស្រេច។ លោកបន្តថា នេះជាការចាប់ផ្តើមសាកល្បងដាំដុះតែប៉ុណ្ណោះ ព្រោះនៅតំបន់នេះវាមានអំណោយផលល្អ ហើយនឹងបន្តពង្រីកកសិដ្ឋានបន្ថែមទៀតនៅពេលខាងមុខ។

សូមបញ្ជាក់ថា បន្លែផ្លែឈើទាំងអស់នេះបាននាំចូលទីផ្សារក្នុងខេត្តព្រះសីហនុ ហើយនឹងបន្តធ្វើការចែកចាយទៅកាន់បណ្តាទីផ្សារនៅក្នុងរាជធានី ខេត្ត ជាពិសេសចូលរួមកាត់បន្ថយការនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង ដែលមានផលប៉ះពាល់ដល់សុខុមាលភាពអ្នកបរិភោគ៕