(កំពង់ឆ្នាំង)៖ រដ្ឋបាលស្រុករលាប្អៀរ ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៥ ក្រោមប្រធាន បទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកស្រី កែ ចន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សមត្ថភាពយេនឌ័រ នៅក្នុងស្រុករលាប្អៀរ ក៏ដូចជានៅទូទាំងខេត្តកំពង់ឆ្នាំងទាំងមូលផងដែរ។
លោកបណ្ឌិតសភាចារ្យ បានថ្លែងគូសបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ការប្រារព្ធទិវាអន្តរជាតិនារី៨មីនា ប្រទេសកម្ពុជាត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺដើម្បីជាការលើកកម្ពស់សិទ្ធិ សមភាព និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី មិនត្រឹមតែជាអាទិភាពដើម្បីឈានទៅសម្រេចបា នគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែជាភាពចាំបាច់ ជាកាលានុវត្តភាព និងជាកត្តាលីករដែលចូលរួមចំណែកពន្លឿនការសម្រេចបានសមភាពយេនឌ័រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព និងបរិយាបន្ន។
ជាងនេះទៅទៀត គឺបានផ្ដល់ភាពអង់អាចដល់ស្ត្រី។ មិនត្រឹមតែបង្កើនភាពជោគជ័យសម្រាប់ស្ត្រីខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់វឌ្ឍនភាព និងវិបុលភាពនៃសង្គម និងប្រទេសជាតិទាំងមូល។
លោកបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ថា យើងទាំងអស់គ្នាចាំបាច់ត្រូវទទួលស្គាល់ គាំទ្រ និងផ្ដល់តម្លៃព្រមទាំងបង្កើតបរិយាកាសឲ្យស្ត្រី និងក្មេងស្រី បានចូលរួមដោយពេញលេញ និងទទួលភាគលាភដោយស្មើភាព ពីកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ សំដៅឆ្ពោះទៅពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រក បដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដោយក្នុងនោះស្ត្រីគឺជាស្នូល។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏សកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គោលជំហរនយោបាយនេះ នៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្ដល់អាទិភាពដល់ស្ត្រី នៅតាមគ្រប់ក្រសួងស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី កម្ពុជាត្រូវបានដាក់ចេញអនុវត្តយ៉ាងសកម្ម ដើម្បីបន្តពង្រឹងការងារអាទិភាពចំពោះស្ត្រីផងដែរ៕