(កំពង់ធំ)៖ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា  អមដំណើរដោយលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ចុះសំណេះសំណាល និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាកំពង់ស្វាយ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។

លោកបណ្ឌិតបានរំលឹកឡើងវិញពីអនុស្សាវរីយ៍ដែលលោកក៏ជាអ្នកស្រុកកំពង់ស្វាយ ហើយបានតស៊ូរៀនសូត្រ រហូតទទួលបានការងារក្នុងរាជរដ្ឋាភិបាល ដោយបានឆ្លងកាត់នូវការលំបាកគ្រប់កាលៈទេសៈ ហើយការចុះមកសំណេះសំណាលនៅថ្ងៃនេះក្នុងគោលបំណងផ្សាភ្ជាប់នៅទំនាក់ទំនងល្អ និងជំរុញលើកស្ទួយវិស័យអប់រំ ព្រមទាំងបំពេញនូវតម្រូវការខ្វះខាតរបស់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលធ្វើយ៉ាងណាអប់រំ និងបណ្ដុះបណ្ដាលដល់ពួកគាត់ឲ្យសម្រេចដល់គោលដៅនិងអនាគតភ្លឺស្វាងនាពេលខាងមុខ ស្របទៅនឹងបរិបទបច្ចេកទេសទំនើប។

លោកបណ្ឌិត ធន់ វឌ្ឍនា បានដឹកនាំក្រុមគ្រូពេទ្យជំនាញមាត់ធ្មេញ ក្នុងការផ្សព្វផ្សាយនៅចំណេះដឹងការថែទាំសុខភាពមាត់ធ្មេញដល់សិស្សានុសិស្សឲ្យមានភាពល្អប្រសើរ ព្រោះថាមនុស្សភាគច្រើន មិនបានគិតអំពីសុខភាពមាត់ធ្មេញនោះទេ។

ក្នុងនោះលោកបណ្ឌិត ក៏បានឧបត្ថម្ភទូរទស្សន៍ភ្ជាប់ជាមួយបណ្ដាញអ៊ីនធឺណិតដើម្បីឲ្យសិស្សានុសិស្សទាំងអស់ បានសិក្សាស្វែងយល់ពីចំណេះដឹងគ្រប់បែបយ៉ាង ពិសេសភាសាអង់គ្លេសឲ្យកាន់តែមានភាពរីកចម្រើន។

បន្ទាប់មកលោកបណ្ឌិត បានបន្តដំណើរចុះមើលសមិទ្ធផលកសាងព្រះវិហារ ដើម្បីធ្វើយ៉ាងណាស្វែងរកសប្បុរសជនចូលរួមថវិកា ដើម្បីបំពេញតម្រូវការចាំបាច់ផ្នែកពុទ្ធចក្រ ក៏ដូចជាការចូលរួមចំណែកធ្វើយ៉ាងណាឲ្យការកសាងនេះសម្រេចបាន ១០០ភាគរយ៕