(កំពង់ធំ)៖ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដោយមានសំណូមពរពីប្រជាពលរដ្ឋ ដែលមានជំងឺ និងមានជីវភាពលំបាកខ្វះខាត ចំនួន១៥០គ្រួសារ តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ក្រុមគ្រូពេទ្យ នៃគ្រឹស្ទបរិស័ទកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យព្រមទាំងវ៉ែនតា ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្រ្តាន់ ខេត្តកំពង់ធំ។
លោក លន់ យេន មេឃុំដងកាំបិត ស្រុកសណ្តាន់ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានរាយការណ៍អំពីស្ថានភាព សុខភាពរបស់ប្រជាពលរដ្ឋ ដែលមួយចំនួនមានវ័យចាស់ជរា ហើយសុខភាពទ្រុឌទ្រោម មានជំងឺប្រចាំកាយ ហើយមួយចំនួនទៀតមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ដូច្នេះហើយប្រជាពលរដ្ឋ រួមជាមួយអាជ្ញាធរដែនដី ឃុំ ភូមិ បានស្នើសុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ដើម្បីជួយក្នុងការព្យាបាលជំងឺ និងការណែនាំអំពីបញ្ហាសុខភាព ជូនពួកគាត់។
លោក សឿន សុីហុក តំណាងក្រុមជុំនំសេរីភាពព្រះគម្ពីរបាប់ទីស្ទ និងលោកវេជ្ជបណ្ឌិត នង ណុប តំណាងក្រុមព័ន្ធកិច្ចព្រះពរ នៃគ្រឹះស្ទបរិស័ទកម្ពុជា បានលើកឡើងថា ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យរបស់គ្រឹះស្ទបរិស័ទកម្ពុជា ជួយពិនិត្យព្យាបាលជំងឺព្រមទាំងផ្ដល់ជូនថ្នាំពេទ្យ និងវ៉ែនតាជូនកងទ័ព និងប្រជាពលរដ្ឋបានជាច្រើនកន្លែងមកហើយ ដើម្បីសម្រាលដល់ការលំបាករបស់ប្រជាជន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាល ក៏ដូចជាសុខមាលភាពរបស់ប្រជាជន។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការព័ន្ធកិច្ច ព្រះពរគ្រឹះស្ទបរិស័ទកម្ពុជា ដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាជន តាមសំណូមពររបស់ប្រជាជន និងអាជ្ញាធរដែនដី រួមជាមួយនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ដើម្បីជួយដោះស្រាយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងពេលមានជំងឺ ព្រមទាំងមានជីវភាពលំបាកខ្វះខាត។
លោកបន្ដថា មួយផ្នែកទៀតប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានចម្ងាយផ្លូវឆ្ងាយក្នុងការធ្វើដំណើរទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក ឬមន្ទីរពេទ្យបង្អែកខេត្តផងដែរ៕