Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះជួយផ្តល់ជំនួយផ្នែកច្បាប់ ការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ករណីហិង្សាដែលកើតចេញពីទំនាស់ដីធ្លី នៅស្រុកគីរីវង់ ខេត្តតាកែវ

08-03-2025 22:18

(តាកែវ)៖ បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ម៉ុក ច័ន្ទសុធា ប្រធានក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី បានចាត់តាំង លោក ចេង ប៉េងហាប់ អនុប្រធាន ក.ច.ស.ធ. ចុះទៅពិនិត្យ និងសិក្សាលើករណីហិង្សាដែលកើតចេញពីទំនាស់ដីធ្លី ស្ថិតក្នុងភូមិរលាក ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្រោយពីបានជួប និងសាកសួរអំពីអង្គហេតុ ជាមួយប្តីឈ្មោះ លឹម សុង ពាក់ព័ន្ធនឹងករណីហិង្សារហូតឈានទៅដល់ការឃុំខ្លួនឈ្មោះ យឹម សុខលី ជាប្រពន្ធ ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី បានជួយរៀបចំបំពេញបែបបទ តាមនីតិវិធីច្បាប់ទៅសាលាដំបូងខេត្តតាកែវ ដើម្បីបានការអនុញ្ញាតឱ្យឈ្មោះ យឹម សុខលី បាននៅក្រៅឃុំជាបណ្តោះអាសន្ន។

តាមរយៈក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកស្រី យឹម សុខលី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋ ហើយតែងតែជួយដោះស្រាយគ្រប់ការលំបាករបស់ប្រជាពលរដ្ឋ និងសូមគោរពជូនពរសម្តេចធិបតី និងលោកជំទាវបណ្ឌិតសូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ និងទទួលបានជោគជ័យកាន់តែត្រចះត្រចង់លើគ្រប់ភារកិច្ចដឹកនាំជាតិមាតុភូមិកម្ពុជា។