(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ ដោយការប្រកួតលើកទី១ ក្រុមបាល់ទាត់គុនខ្មែរ ឈ្នះក្រុមបាល់ទាត់ MUAYTHAI ១គ្រាប់ ហើយការប្រកួតលើកទី២វិញ ក្រុមបាល់ទាត់តារាថៃ ឈ្នះក្រុមបាល់ទាត់តារាកម្ពុជា១គ្រាប់វិញ។

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ម៉ារីត សារៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ និងជាតំណាងលោកស្រីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុងការស្វែងរក កាលានុវត្តភាពថ្មីៗ សម្រាប់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងដៃគូយុទ្ធសាស្ត្រកម្ពុជា-ថៃ ឲ្យកាន់តែប្រសិទ្ធភាព និងប្រកបដោយផ្លែផ្កា។

លោក ឃួង ស្រេង បានបន្តថា កម្ពុជា និងថៃ បានភ្ជាប់ទំនាក់ទំនងការទូតទ្វេភាគីរវាងគ្នា ជាយូរមកហើយ គឺចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយទំនាក់ទំនងនេះ ត្រូវបានប្រទេសយើងទាំងពីរ ពង្រឹងពង្រីកកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធា និងសន្តិសុខ ព្រមទាំងការចងភ្ជាប់មេត្រីភាព រាជធានីភ្នំពេញ រាជធានីបាំកកថែមទៀតផង។

ផ្តើមចេញពីទំនាក់ទំនងការទូត រយៈពេល៧៥ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងទីក្រុងសម្ព័ន្ធមេត្រីភាពកាន់តែមានភាពស៊ីជម្រៅស្អិតរមួតលើគ្រប់វិស័យ ជាពិសេសក្រោមអាណត្តិដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក ថាក់ ស៊ីនស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ។

លោក ឃួង ស្រេង បានបញ្ជាក់ថា នាពេលបច្ចុប្បន្នក្រោមការពូនជ្រុំថែទាំយ៉ាងដិតដល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រី នាយករដ្ឋមន្ត្រីថៃ ទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹង និងពង្រីកព្រមទាំងបាននាំមកនូវគុណប្រយោជន៍ សម្រាប់ប្រទេសជាតិរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ក្នុងន័យស្មើសិទ្ធិ ស្មើភាព និងឧបត្ថម្ភគាំទ្រជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌប្រទេស និងក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការពង្រឹងពង្រីកទំនាក់ទំនងការទូតទ្វេភាគី និងកិច្ចប្រតិបត្តិការរដ្ឋបាល ឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តភាព ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នេះ មិនត្រឹមតែធ្វើឡើង ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ និងជាការតភ្ជាប់រវាងកីឡាករ កីឡាការិនី សិល្បករ សិល្បការិនីកម្ពុជា-ថៃ ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព សាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍នៃប្រទេសយើងទាំងពីរ ក្នុងស្មារតីក្រោមការឧបត្ថម្ភគាំទ្រ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យយ៉ាងពិតប្រាកដ។

លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាល់ក្នុងឱកាសនេះ រៀបចំឡើង ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញា នៃប្រទេសទាំងពីរ ក្នុងការពង្រឹងមិត្តភាពឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។

លោកបន្តថា រាជរដ្ឋាភិបាលថៃ ប្តេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួបរួមកម្លាំង ទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាជាធ្លុងមួយ ដើម្បីសេចក្តីសុខ ភាពរីកចម្រើនរុងរឿង និងភាពសម្បូរសប្បាយ សំរាប់ប្រជាជនកម្ពុជា និងថៃ ដោយមានមូលដ្ឋានធម៌ សាមគ្គីធម៌របស់ព្រះពុទ្ធនាំមុខ។ លោករដ្ឋមន្ត្រីបន្តថា អនាគតនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានការផ្សារភ្ជាប់ដែលពុំអាច កាត់ផ្តាច់បាន យើងចាំបាច់ត្រូវឈានឆ្ពោះទៅមុខជាមួយគ្នា អភិវឌ្ឍរួមគ្នា និងជាធ្លុងមួយជាមួយគ្នា។

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កីឡាករមានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ ដែលធ្វើឲ្យប្រជាជននៃប្រទេសទាំង២ បានយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសក្បែរខាងគ្នា ហើយក៏ជាប្រទេស ដែលកាន់សាសនាព្រះពុទ្ធដូចគ្នាផងដែរ។

កាលពី១៤ឆ្នាំមុន កម្ពុជា និងថៃ ក៏បានបង្កើតព្រឹត្ដិការណ៍ជាប្រវត្តិសាស្ត្រ រួមគ្នាម្ដងរួចមកហើយដែរ នោះគឺការប្រកួតបាល់ទាត់មិត្តភាព វាងក្រុមបាល់ទាត់កម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកីឡាករថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ កាលណោះដែរ ហើយគោលបំណងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរបស់ទាំងពីរដូចគ្នាផងដែរ។

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរនេះ ក្នុងការប្រកួតក្នុងតង់ទី១ ក្រុមបាល់ទាត់គុនខ្មែរ បានស៊ុតបញ្ចូលទីបានចំនួន៣គ្រាប់។ ចំណែក្រុមបាល់ទាត់ MUAYTHAI ស៊ុតបញ្ចូលទីបានចំនួន២គ្រាប់។

ការប្រកួតក្នុងតង់ទី២ ក្រុមបាល់ទាត់តារាកម្ពុជាស៊ុតបញ្ចូលទីក្រុមតារាថៃបានចំនួន១គ្រាប់។ ចំណែកក្រុមបាល់ទាត់តារាថៃ ស៊ុតបញ្ចូលទីក្រុមតារាកម្ពុជាបានចំនួន២គ្រាប់។ ក្រុមទាំង៤នេះបានលើកពានរង្វាន់កិត្តិយសទាំងអស់គ្នា៕