(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឲ្យដឹងថា រូបសំណាកធ្នូសទោង នឹងប្រតិស្ឋានលើទឹកដីស្រុកស្ទោងក្នុងពេលឆាប់ៗ ដែលត្រូវរៀបចំក្រុងពាលីបុកគ្រឹះសាងសង់ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ។

លោកបន្តថា ការកសាងសំណាក់ធ្នូសទោង នេះឡើងដោយមានអត្ថន័យ និងខ្លឹមសារច្បាស់លាស់ គឺកំពូលសសរតំណាងឲ្យព្រះឥសូរ សសរមានរាង៨ជ្រុងតំណាងឲ្យព្រះវិស្ណុ រីឯធ្នូស តំណាងឲ្យប្រវត្តិរបស់ស្រុកស្ទោង ដែលព្រះបាទសេន្ទ្រាទីពីរមាន ធ្នូសជាអាវុធ និងមានមហិទ្ធឫទ្ធិខ្លាំងក្លា ហើយខឿនថ្នាក់ទីមួយ និងថ្នាក់ទីពីរមានរាងបួនជ្រុងតំណាងឲ្យព្រះព្រហ្ម។ ចំណែកឯរូបសត្វតោតំណាងឲ្យស្តេចនៃសត្វចតុប្បាទ បង្គោលសីមាតំណាងឲ្យដែនកំណត់រវាងស្ថានមនុស្ស និងស្ថានពេលទេវៈ រង្វង់ពណ៌ខៀវដែលព័ទ្ធជុំវិញរូបសំណាកនេះតំណាងឲ្យប្រទេសកម្ពុជា ដ៏មហាសាល រីឯផ្ទៃពណ៌ស តំណាងឲ្យ ភាពស្មោះត្រង់បរិសុទ្ធ ឧត្ដមគតិ និងមនសិការក្នុងការដឹកនាំ។

លោក សាយ គឹមឡម បានបន្តទៀតថា ការរៀបចំបុកគ្រឹះក្រុងពាលីនេះ គឺធ្វើឡើងតាមបែបព្រហ្មមញ្ញសាសនា មានបាយសីរៀបចំពិធីសែនព្រេន សុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសប្បាយ។

សូមបញ្ជាក់ថា និមិត្តសញ្ញារដ្ឋបាលស្រុកស្ទោង (ធ្នូសទោង) ទទួលស្គាល់តាមប្រកាសលេខ ៥៤២៥ប្រក របស់ក្រសួងមហាផ្ទៃ ក្នុងការបង្កើត និងដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលស្រុកស្ទោង ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ចុះហត្ថលេខា និងប្រថាប់ត្រាដោយលោកអភិសន្តិបណ្ឌិតសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបសំណាកធ្នូសទោង ស្ថិតនៅលើសួនសទោង ដែលជាចំណុចប្រសព្វ រវាងឃុំទ្រា និងឃុំកំពង់ចិនជើង ត្រង់ផ្លូវបំបែកច្រមុះជ្រូកមុខសាលាស្រុកស្ទោង ដែលសាងសង់ពីថ្មភក់ និងមានកម្ពស់ ១៧ម៉ែត្រ ដែលសសរធ្នូមានអង្គត់ផ្ចិត១.៦ម៉ែត្រ៕