(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ អញ្ជើញជាប្រកាសតែងតាំងឱ្យតំណែង លោក ឆាយ សុគន្ធដា ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សីលា។
នាឱកាសនេះលោក ម៉ាង ស៊ីណេត បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សស្រុកកំពង់សីលា ខិតខំរួមសាមគ្គីគ្នាជាធ្លុងមួយសម្រេចបាននូវសមិទ្ធផលនានា ព្រមទាំងបានចូលរួមលើកកម្ពស់ជីវភាពប្រជាជនស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។
ប្រធានគណបក្សខេត្ត បានអបអរសាទរចំពោះលោក ឆាយ សុគន្ធដា ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់សីលា ដើម្បីរួមគ្នាបន្តនិរន្តរភាពដឹកនាំគណៈកម្មាធិការគណបក្សស្រុកកំពង់សីលា សំដៅឈានទៅសម្រេចបានជោគជ័យធំៗថ្មីៗបន្ថែមទៀតក្នុងការដឹកនាំគណបក្សស្រុក។
ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខលោក ម៉ាង ស៊ីណេត បានធ្វើការណែនាំនូវចំណុចសំខាន់ៗដូចខាងក្រោម៖
*ទី១. ត្រូវដឹកនាំគណបក្សស្រុក ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ តាមសេចក្តីសម្រេចចិត្តនានារបស់គណបក្ស ព្រមទាំងចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យទួលបានជោគជ័យ។
*ទី២. ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្សសំដៅពង្រឹងធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្សឱ្យកាន់តែរឹងមាំដោយឈរលើគោលការណ៍ «សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខ។
*ទី៣. ត្រូវខិតខំជំរុញ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិ ក្រមទាំង៥គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ប្រកបដោយភាពរឹងមាំ និងស្អាតស្អំព្រមទាំងយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល និងបំពាក់បំប៉នជួរមន្ត្រីគណបក្សនាពេលបច្ចុប្បន្ន និងសម្រាប់រយៈពេលយូរអង្វែង ដើម្បីធានាការលើក កម្ពស់សមត្ថភាពប្រកបដោយគុណធម៌ អត្តចរិក និងសីលធម៌ឱ្យទទួលបាននូវការស្រឡាញ់ និងគាំទ្រពីប្រជាជន។
*ទី៤. ត្រូវខិតខំជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់កងកម្លាំង មានសមត្ថកិច្ចគ្រប់ប្រភេទក្នុងការលើកកម្ពស់ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ព្រមទាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្លើយតបទៅនឹងសំណើ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។ ជាពិសេសប្ដេជ្ញាអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពី «ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ» ប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមទិសស្លោក «រួមទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានគ្រឿងញៀន»។
*ទី៥. ត្រូវខិតខំប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័នពង្រឹងទំនាក់ទំនងល្អជាមួយបណ្តាអង្គការសង្គមស៊ីវិលតាមគោល ការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ពង្រឹងសន្តិភាព ស្ថិរភាពកសាងហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាពដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
*ទី៦. ត្រូវខិតខំពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ ដើម្បីជាយន្តការសម្របសម្រួលរបៀបរបបធ្វើការរវាងរៀមច្បង ពង្រឹងយុវជនជាមួយគណៈកម្មាធិការគណបក្សស្រុក ឃុំនិងមហាជនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
*ទី៧. ត្រូវបន្តពង្រឹងការគ្រប់គ្រងសមាជិកថ្មី ពីយុវជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណបក្សនយោបាយផ្សេងៗ តាមគោលការណ៍ «ពង្រឹងចាស់ កសាងថ្មី» សមាជិកម្នាក់ៗជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក។ ព្រមទាំងជំរុញការកសាងសមាជិកគណបក្សជាកម្មករតាមរោងចក្រ សហ គ្រាស និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
*ទី៨.ត្រូវខិតខំសុំការគាំទ្រផង សហការផង សម្របមសម្រួលផង ពីថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ដើម្បីជាកម្លាំងសរុបធនធានសរុបដោះស្រាយសំណូមពរចាំបាច់របស់ប្រជាជនក្នុងស្រុកកំពង់សីលា៕