(សៀមរាប)៖ ប្រជាពលរដ្ឋចំនួន១០០គ្រួសារ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានកញ្ចប់អាហារស្រាយបួស ពីសមាគមកូប្រាស៊ីមុស្លីមកម្ពុជា ពីធីនេះ ធ្វើឡើងនៅវិហារឥស្លាមដើមៀកនូរោះស៊ូរ៉ែម ស្ថិតនៅក្នុងភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។

ពីធីនេះ មានការចូលរួមពីលោក​ ស្រេន​ សុព្រី សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប និងអនុប្រធានគណៈចលនាសាសនិកឥស្លាម ខេត្តសៀមរាប, លោក​ ឆាន​ ឆាំ​ ចៅសង្កាត់រងទី១​, លោក ស្មាន​ ហ្សាការីយ៉ា​ តំណាងសមាគមកូប្រាស៊ីកម្ពុជា ព្រមទាំងគណៈកម្មការវិហារដើមៀកនូរោះស៊ូរ៉ែម, សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក​ ស្រេន​ សុព្រី បានលើកឡើងថា កម្មវិធីចែកកញ្ចប់អាហារស្រាយបួសនេះ គឺពិតជាមានសារៈសំខាន់ណាស់ចំពោះដែលអ្នកកាន់សាសនាឥស្លាមទាំងអស់ ចំពោះដែលមានធនធានគប្បី ត្រូវចែកកញ្ចប់អាហារដល់បងប្អូនឥស្លាមរបស់យើង ដើម្បីឲ្យគាត់យកកញ្ចប់អាហារទាំងនោះ ទៅប្រតិបត្តការបួសរបស់ពួកគាត់នៅក្នុងខែ «រ៉ាម៉ាឌន» ដែលជាខែដែលសាសនិកឥស្លាមទាំងអស់ នៅទូទាំងពិភពលោក ប្រតិបត្តនូវកាតព្វកិច្ចរបស់ខ្លួន ដោយតបអាហារ និងផឹកអ្វីៗទាំងអស់ តាំងពីថ្ងៃរះរហូតដល់ថ្ងៃលិច។

លោកបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទើបយើងមានការអភិវឌ្ឍលើគ្រប់វិស័យ។ លោកបន្តថា ការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏បាននាំមកនូវសមិទ្ធផលជាច្រើន នៅក្នុងខេត្តសៀមរាប តួយ៉ាងនៅក្នុងភូមិតាគង់នេះ ក៏មានការអភិវឌ្ឍន៍ច្រើនផងដែរ មានដូចជា៖ វិហារដ៏ស្រស់ស្អាត, សាលារៀន និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលកំពុងសាសង់ផងដែរ។

លោក​ ឆាន​ ឆាំ​​ បានលើកដែរថា ថ្ងៃនេះលោកពិតជាមានសេចក្តីសប្បាយរីករាយជាខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីចែកកញ្ចប់អាហារស្រាយបួសពីសមាគមកូប្រាស៊ីមុស្លីមកម្ពុជា ដល់សាសនិកឥស្លាមក្នុងក្រុងសៀមរាប ចំនួន១០០គ្រួសារ នាពេលនេះ។ លោកបន្តថា យើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព ពាក្យថា « សន្តិភាព » មួយម៉ាត់នេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ដោយសារកត្តាសន្តិភាពនេះហើយ ទើបប្រជាពលរដ្ឋយើងរស់នៅបានសុខសាន្ត និងអាចគោរពទៅលើសាសនាផ្សេងៗ ដែលខ្លួនជឿបានផងដែរ។

លោក ស្មាន​ ហ្សាការីយ៉ា​ បានលើកឡើងថា អំណោយជាកញ្ចប់អាហារស្រាយបួសនេះវាមិនច្រើនទេ ប៉ុន្តែក៏អាចជួយដោះស្រាយដល់បងប្អូនយើងបានមួយគ្រាផងដែរ។ លោបន្តថា អំណោយទាំងនេះ គឺជាជំនួយរបស់សប្បុរសជននៅប្រទេសអារ៉ាប់ ដែលផ្តល់តាមរយៈ សមាគមកូប្រាស៊ីមុស្លីមកម្ពុជា ដើម្បីចែកជូនដល់សាសនិកឥស្លាមនៅកម្ពុជា ក្នុងខែរ៉ាម៉ាឌននេះ។

លោកសង្ឃឹមថា សាសនិកឥស្លាមទាំងអស់ នឹងប្រតិបត្តិនូវការបួសឲ្យបានត្រឹមត្រូវ តាមក្បួនច្បាប់របស់សាសនាឥស្លាម ដើម្បីទទួលបាននូវផលបុណ្យពី (អល់ឡោះ) ឲ្យបានច្រើននៅក្នុងខែរ៉ាម៉ាឌននេះផងដែរ៕