(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី បានថ្លែងថា គ្រប់ភាពជោគជ័យជាច្រើននៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏ដូចជាភាពជោគជ័យរបស់ក្រុមការងារចុះមូលដ្ឋាននៅក្នុងស្រុកសង្គមថ្មី មិនអាចខ្វះបានពីការចូលរួមចំណែកយ៉ាងសកម្មពីមន្ត្រីរាជការជាស្ត្រីនោះទេ។
ការថ្លែងរបស់លោក សំ លាងទ្រី ក្នុងឱកាសដែលលោកអញ្ជើញចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្ដី និងក្មេងស្រីគ្រប់រូប» នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការជាស្ត្រីមកពីស្រុកសង្គមថ្មី ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាភរិយាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាច្រើនរូបទៀត។
លោក សំ លាងទ្រី បានថ្លែងអំណរគុណស្ត្រីទាំងអស់ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏ដូចជាស្ត្រីក្នុងស្រុកសង្គមថ្មី ដែលកន្លងមកបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច ធ្វើឱ្យការងារជាច្រើននៅក្នុងមន្ទីរ ក៏ដូចជាការងារចុះមូលដ្ឋានស្រុកសង្គមថ្មី ទទួលបានជោគជ័យជាបន្តបន្ទាប់។
លោក សំ លាងទ្រី បានថ្លែងគូសបញ្ជាក់ថា ស្ត្រីគឺជាកម្លាំងស្នូល បានដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបាន ភាពជោគជ័យ ការកសាងគ្រួសារ គ្រប់ដំណើរនៃការវិវត្តន៍របស់ស្រ្តី មានបង្កប់ដោយសេចក្តីស្រឡាញ់ ការថែទាំយកចិត្តទុកដាក់គ្រួសារ ការបម្រើការងារ និងប្រទេសជាតិ បន្ថែមទៅលើ បន្ទុកពពោះ មើលថែកូនចៅក្នុងក្រុមគ្រួសារទៀតផង។លោកអំពាវនាវដល់ស្ត្រីយើងត្រូវចេះរួមសហការគ្នា ចេះស្រឡាញ់គ្នា ក្នុងការបំពេញការងារ ពិសេសមិនត្រូវជឿតាមអ្វីដែលមិនល្អ ធ្វើឱ្យបែកបាក់សាមគ្គីការងារ ក៏ដូចជាបែកបាក់គ្រួសារ។
ស្ថិតក្នុងឱកាសនៃការជួបជុំប្រកបដោយភាពស្និទស្នាល សប្បាយរីករាយ អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លោក សំ លាងទ្រី ក៏បានផ្តល់ការដូរអនុស្សាវរីយ៍ ដល់ស្ត្រីរាជការជាស្ត្រីនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងស្ត្រីមកពីស្រុកសង្គមថ្មី នូវសំពត់សឹងម្នាក់១ក្បិន និងថវិកាចំនួន១០មុឺនរៀលផងដែរ៕