(សៀមរាប)៖ សម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ ស្ពានថ្មថ្មីឆ្លងស្ទឹងសៀមរាប នៅភូមិពោធិ៍បន្ទាយជ័យ និងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះធម្មសិរី ជុំ គឹមឡេង អាភាករោ ព្រះសុមង្គលសិលាចារ្យ និងជាមេគណខេត្តសៀមរាប, ព្រះអនុគណក្រុង ព្រះគ្រូចៅអធិការវត្តពោធិបន្ទាយជ័យ និងតំណាងអាជ្ញាធរក្រុង, អាជ្ញាធរសង្កាត់ មន្ទីរ អង្គភាព ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនផងដែរ។

លោកស្រី ហ៊ុល សុវណ្ណ តំណាងគណកម្មការ វត្តពោធិបន្ទាយជ័យ ដែលកសាងស្ពាន បានឲ្យដឹងថា ស្ពានថ្មថ្មីឆ្លងស្ទឹងសៀមរាប មានប្រវែងបណ្តោយ២៤ម៉ែត្រ និងទទឹង៩ម៉ែត្រ ក្រោមការជ្រោមជ្រែងនឹងឧបត្ថម្ភគាំទ្រពី សំណាក់អភិបាលខេត្ត និងលោក លោកស្រី សមាជិក សមាជិកាក្រុមការងារចុះជួយសង្កាត់សៀមរាប និងព្រមទាំងសប្បុរជន ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពលបរិស័ទចំណុះជើងវត្ត ក្រោមការផ្តួចផ្តើម ដឹកនាំដោយផ្ទាល់របស់ព្រះគ្រូ សុវណ្ណធម្មរង្សី សូ សាន ព្រះគ្រូចៅអធិការវត្តពោធិ៍បន្ទាយជ័យ និងព្រះគ្រូ ឃឹម ហន និងព្រះគ្រូសូត្រឆ្វេងវត្ត ព្រះគ្រូធម្មាចារ្យ ឡាយ ជឿន ព្រះវិន័យធម៌វត្ត បានដំណើរការសាងសង់ទៅដោយរលូន និងបញ្ចប់ទៅជាស្ថាពរក្នុងឆ្នាំ២០២៤ ដែលចំណាយអស់ថវិកា សរុបចំនួន ៩៦,៤៣៦ដុល្លារ។

ថ្លែងក្នុងឱកាសនោះ លោក លី សារី បានលើកឡើងថា ការកសាងស្ពានថ្មឆ្លងស្ទឹងសៀមរាប នៅត្រង់ចំណុចព្រំប្រទល់ភូមិពោធិ៍បន្ទាយជ័យ និងភូមិស្ពានជ្រាវនេះមិនត្រឹមតែបានរួមចំណែកក្នុងការកាត់បន្ថយនូវការកកស្ទះចរាចរណ៍ក្នុងក្រុង បានសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននូវកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុខមាលភាពសង្គម។ ម៉្យាងទៀត បានរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាពក្រុង គាំទ្រវិស័យទេសចរណ៍ និងដល់កិច្ចអភិវឌ្ឍន៍នៅក្នុងភូមិសាស្ត្រសង្កាត់សៀមរាប។

លោកបន្តថា ក្នុងបរិបទនេះ កម្ពុជាទាំងមូលកំពុងស្ថិតលើមាគ៌ា អភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលពោរពេញទៅដោយសមត្ថភាព ចំណេះវិជ្ជាជាមូលដ្ឋានខ្ពស់ និងជាអ្នកបន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាមគ្គុទេសក៏ឯក ជាស្ថាបនិកនៃសន្តិភាព និងការបង្រួបបង្រួមជាតិខ្មែរ។

លោកបានបន្តថា រដ្ឋបាលខេត្តបាននឹងកំពុងធ្វើការយ៉ាងសកម្ម លើការងារកែលម្អសោភ័ណភាពក្រុង ក្នុងនោះ រដ្ឋបាលខេត្តបានពង្រីកការបំពាក់ភ្លើងតែងលម្អបំភ្លឺនានា ការដាំដើមឈើតាមដងផ្លូវក្នុងក្រុង និងការពង្រីកផ្លូវសំខាន់ៗ។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាឱ្យបានសុខសុវត្ថិភាព និងភាពកក់ក្តៅ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាខេត្តសៀមរាប ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ពីបណ្តាប្រទេសនានា ដែលមកបំពេញបេសកកម្មការងារនៅក្នុងខេត្ត។

លោក លី សារី ក៏មានសេចក្តីរំភើបរីករាយ ដោយបានឃើញនូវកម្លាំងសាមគ្គីដ៏ល្អប្រពៃថ្លៃថ្លា ដែលផុសចេញពីសណ្ដានចិត្តរបស់ពុទ្ធសាសនិក ព្រះសង្ឃ លោកយាយ លោកតា ដែលតែងតែមានសទ្ធាជ្រះថ្លា បានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត បូជាចំពោះ ព្រះរតនត្រ័យ និងជួយអប់រំកូនចៅឲ្យប្រតិបត្តិ តែអំពើជាកុសល ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរក្នុងសង្គម ពិសេសការបណ្តុះនូវគំនិត ឆន្ទៈ និងមនសិការស្នេហាជាតិ ជាពិសេស បានរួមសាមគ្គីគ្នាក្នុងការកសាងសមិទ្ធផលដ៏ថ្មីស្រឡាង ដែលកំពុងសម្ពោធនាពេលនេះផងដែរ៕